​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (gizchina) ៖ ដូច​បាន​រំពឹងទុក​ក្រុមហ៊ុន​ចិន​Honor បាន​ចូល​មក​ពិព័រណ៍ MWC 2023 នៅ​ទីក្រុង​បា​សេ​ឡូ​ណា ដើម្បី​បង្ហាញ​ពី​ការច្នៃប្រឌិត​ថ្មីថ្មោង​ជា​ច្រើន​របស់​ខ្លួន​។ យីហោ​នេះ​បាន​ណែនាំ​ស៊េរី​ទូរស័ព្ទ Honor Magic5 ដោយ​ស្មា​ត​ហ្វូន Honor Magic5 Pro ដណ្តើម​ការចាប់អារម្មណ៍​ខ្លាំងជាងគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ដំណាក់កាល​សម្រាប់​ស្មា​ហ​ត្វូ​ន Honor Magic Vs ដើម្បី​ឈាន​ចូល​ឆាក​អន្តរជាតិ​ផងដែរ​។

Honor Magic Vs គឺជា​ស្មា​ត​ហ្វូន​ដែល​អាច​បត់​បាន​ដំបូងបង្អស់​របស់​ម៉ាក​យីហោ​នេះ ដើម្បី​ទៅ​ដល់ដៃ​អតិថិជន​ទូទាំង​ពិភពលោក ហើយ​នឹង​បង្ក​ការគំរាមកំហែង​សម្រាប់​ស៊េរី Samsung Galaxy Z Fold ។ រហូតមកទល់​ពេលនេះ Samsung មិនទាន់​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ច្រើន​ទេ​នៅក្នុង​ប្រភេទ​ទូរស័ព្ទ​អាច​បត់​បាន​។ ឥឡូវនេះ Honor Magic Vs មាន​ភារ​កិច្ច​យកឈ្នះ​ចិត្ត​អ្នកប្រើប្រាស់​ជាមួយនឹង​រូបរាង​រចនា​ដ៏​ស្រស់ស្អាត លក្ខណៈ​ពិសេស​ថ្មីៗ និង​បទពិសោធន៍​ប្រើ​ល្អប្រសើរ​ជាង ដែល​គេ​មិន​អាច​ប្រកែក​បាន​។​

​ទូរស័ព្ទ Honor Magic Vs ភ្ជាប់​មក​ជាមួយ​លក្ខណៈ​ពិសេស​ទំនើបៗ​និង​ការ​រចនា​ដ៏​ប្រណីត​។ តាមពិតទៅ ទូរស័ព្ទ​នេះ​មាន​ក្រវិល​គន្លឹះ ដែល​មើលទៅ​អស្ចារ្យ​ជាង​អ្វីដែល Samsung មាន​ជាមួយ Galaxy Z Fold4 របស់​ខ្លួន​ទៅ​ទៀត​។ នៅពេល​ស្ថិតក្នុង​ស្ថានភាព​បត់ ឧបករណ៍​នេះ​មិន​មាន​ស្នាម​ផ្នត់​ទេ​។ យីហោ​នេះ​បានបញ្ជាក់​ថា Honor Magic Vs គឺជា​ឧបករណ៍​ដ៏​ល្អឥតខ្ចោះ​សម្រាប់​សហគ្រិន ក៏​ដូចជា​អ្នក​ដែល​ដាក់​ការកម្សាន្ត​លើ​ទូរស័ព្ទ​លើស​ពី​អ្វីៗ​ទាំងអស់​។ ឧបករណ៍​នេះ​ភ្ជាប់​មក​ជាមួយ​សំណុំ​នៃ​មុខងារ​កម្មវិធី​ជាច្រើន​ដើម្បី​បង្កើន​ផលិតភាព និង​ធ្វើឱ្យ​បទពិសោធន៍​ការងារ​ចម្រុះ​លើ​អេក្រង់​កាន់តែ​ប្រសើរ​ឡើង​។​

Honor Magic Vs មាន​រូប​រាងស្តើង​សម្រាប់​ទូរស័ព្ទ​បត់​បាន​បែបនេះ ជាមួយនឹង​កម្រាស់​ត្រឹមតែ ១២,៩ មិល្លីម៉ែត្រ​ពេល​បត់ និង មាន​ទម្ងន់ ២៧៦ ក្រាម​។ ត្បិត​មាន​រូបរាង​តូច​ក៏​ពិតមែន ប៉ុន្តែ​ឧបករណ៍​នេះ​មាន​ថាមពល​ថ្ម ៥.០០០ mAh ដែល​ជា​សមត្ថភាព​ធំ​បំផុត​ក្នុងចំណោម​ទូរស័ព្ទ​ដែល​អាច​បត់​បាន​។ និយាយ​ម្តងទៀត​អំពី​ក្រវិល​គន្លឹះ ការ​រចនា​បែបនេះ​គឺជា​ការអភិវឌ្ឍ​ដ៏​អស្ចារ្យ​សម្រាប់​ត្រកូល​ទូរស័ព្ទ​មួយ​នេះ​។ ក្រវិល​គន្លឹះ​អាច​ទប់ទល់​នឹង​ការបត់​ចុះឡើង​បាន​រហូត​ដល់ ៤០០.០០០ ដង ដូចដែល​បាន​សាកល្បង​ដោយ​វេបសាយ TUV Rheinland ដែល​ស្មើនឹង​ការប្រើប្រាស់​បាន​ជាង​១០​ឆ្នាំ ដោយ​ផ្អែក​លើ​ការបត់​ចុះឡើង ១០០ ដង​ក្នុង​មួយថ្ងៃ​។ យើង​មិន​គិត​ថា​អ្នក​ប្រើ​ភាគច្រើន​នឹង​រក្សា​ឧបករណ៍​បែប​នេះ​រហូតដល់​១០​ឆ្នាំ​ទេ​។ ឧបករណ៍​នេះ​បត់​ចូល​គ្នា​ដោយ​គ្មាន​គម្លាត ហើយ​មាន​អេក្រង់​រាបស្មើ​ស្ទើរតែ​ពេញលេញ​នៅពេល​លាត​។ នោះ​គឺជា​ការកែលម្អ​យ៉ាង​ពិសេស​បំផុត​ចំពោះ​ឧបករណ៍​ដែល​អាច​បត់​បាន​។​

​ចំណុច​ត្រួសៗ​របស់ Honor Magic Vs ៖
– វិមាត្រ ៖ ១៦០,៣ x ៧២,៦ x ១២,៩ មិល្លីម៉ែត្រ​ពេល​បត់ និង ១៦០,៣ x ១៤១,៥ x ៦,១ ពេល​ពន្លា​។
– អេក្រង់ ៖ OLED ៧,៩ អ៊ី​ញ កម្រិត Resolution ២.២៧២ x ១.៩៨៤​។
– Refresh Rate ៖ ៩០Hz, HDR10+ និង​ពន្លឺ ៨០០ នី​ត (nit)​។​
– ប្រព័ន្ធ​ដំណើរការ ៖ Snapdragon 8+ Gen 1, រេ​ម ១២GB, អង្គ​ចងចាំ​ក្នុង​តួ ៥១២GB និង Adreno 730 GPU ជាមួយនឹង GPU Turbo X ដែល​រត់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ MagicOS 7.1​។
– កាមេរ៉ា ៖ កាមេរ៉ា​មេ Sony IMX800 ៥០ មេហ្គា​ភិ​ច​សែ​ល​, កាមេរ៉ា​ប្លង់​ទូលាយ ៥០ មេហ្គា​ភិ​ច​សែ​ល និង កាមេរ៉ា​ហ្ស៊ូ​ម ៨ មេហ្គា​ភិ​ច​សែ​ល ព្រមទាំង​កាមេរ៉ា​មុខ ១៦ មេហ្គា​ភិ​ច​សែ​ល​៕