ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា នេះ គណៈអចិន្ដ្រៃយ៍ នៃគណៈ កម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMSOC-CAMAPGOC) បានបើកកិច្ចប្រជុំ ស្ដីពីការសម្របសម្រួល ពិធីរត់ភ្លើងគប់ តាមបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទីម័រខាងកើត។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ដោយមាន ការអញ្ជើញចូលរួម ពីបណ្ដាតំណាងស្ថានទូត នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ តាមការគ្រោងទុក បន្ទាប់ពីសុំភ្លើងពីមហាក្សត្រ នៅថ្ងៃទី២១ មីនា ហើយនោះ ភ្លើងគប់ នឹងចាប់ផ្ដើមចេញដំណើរពីខេត្តសៀមរាប និងបន្តទៅប្រទេសនានា ក្នុងតំបន់អាស៊ី អាគ្នេយ៍ ។ យើងនឹងរៀបចំការរត់ភ្លើងគប់ នៅវង់តូចអង្គរ១ជុំ ហើយថែរក្សាភ្លើងគប់នេះ ហោះហើរទៅកាន់ប្រទេសហ្វីលីពីន ដែលជាប្រទេសរៀបចំពិធីរត់ភ្លើងគប់ និងបណ្តា ប្រទេសផ្សេងៗទៀតទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍។
ចុងក្រោយរត់នៅប្រទេសឡាវ មុនពេលរត់ភ្លើងគប់នេះ នៅជុំវិញបឹងទន្លេសាប រហូត ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ លើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំ អស់រយៈពេល ៦៤ ឆ្នាំ។
ការយកភ្លើងអាទិទេព មកធ្វើជាភ្លើងគប់បែបនេះ គឺកម្ពុជាមានលំនាំដូចគ្នានឹងការទទួល រៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា GANEFO ឆ្នាំ១៩៦៦ ដែលមានការរៀបចំយក ភ្លើងអាទិទេព ពីប្រាសាទអង្គរវត្តមកដែរ។ នេះជារបៀបរបបប្រពៃណី និងតាមគន្លងកីឡា របស់យើង ក្នុងប្រវត្តិសាស្ត្រយើងដែរ៕/V/R