ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ សយហ្គូ(Sergei Shoigu)បានចុះទៅជួបកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនដោយផ្ទាល់ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសៅរ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា«រដ្ឋមន្ត្រីក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី ឧត្តមសេនីយ៍កងទ័ព សឺហ្គេ សយហ្គូ បានចុះត្រួតពិនិត្យប៉ុស្តិ៍បញ្ជាការជួរមុខមួយនៅទិសដូណិតសខ៍ខាងត្បូង»។
ក្នុងវីដេអូចេញដោយក្រសួងការពារជាតិលោក សយហ្គូ ត្រូវបានគេឃើញប្រគល់មេដាយទៅកាន់ទាហានរុស្ស៊ី និងដើរមើលទីប្រជុំជនដែលខ្ទេចខ្ទាំដោយគ្រាប់កាំភ្លើងជាមួយជាមួយមេបញ្ជាការយោធភូមិភាគខាងកើត ឧត្តមសេនីយ៍ រូស្តាំ មូរ៉ាដូវ(Rustam Muradov)។
សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសចូលអ៊ុយក្រែនកាលពីមួយឆ្នាំមុនមកកម្រមានមេយោធាកំពូលៗរបស់រុស្ស៊ីចុះទៅកាន់ខ្សែត្រៀមជួរមុខណាស់។លោកសយហ្គូ ទើបរងការវាយយប្រហាររិះគន់ពីមេក្រុមទាហានស៊ីឈ្នួលរុស្ស៊ីWagner Groupចំពោះការទុកចោលអោយកងកម្លាំងរបស់លោកនៅក្នុងសមរភូមិអ៊ុយក្រែនដោយមិនផ្តល់គ្រាប់រំសេវគ្រប់គ្រាន់ក្រោយកងកម្លាំងស្រួចរបស់លោកវាយលុកចូលសំបុកកងកម្លាំងអ៊ុយក្រែននៅក្រុងបាឃ្មុត។
អំពីទីក្រុងបាឃ្មុតនេះដែរ ប្រធានក្រុមទាហានឯកជនរុស្ស៊ីWagner Groupលោកយេវហ្គេនី ព្រីហ្គោហ្ស៊ីន(Yevgeny Prigozhin )បាននិយាយថាកងកម្លាំងរបស់លោកបានឡោមព័ទ្ធទីក្រុងឧស្សាហកម្មនេះមួយផ្នែកក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំង។លោកថា នៅសល់ផ្លូវតែមួយគត់សំរាប់ពួកយុទ្ធជនអ៊ុយក្រែនចាកចេញពីទីក្រុងនេះមុនកងកម្លាំងរុស្ស៊ីចូលទៅដល់។
អ៊ុយក្រែនបាននិយាយថា ខ្លួននឹងការពារ«បន្ទាយបាឃ្មុត»អោយបានយូរតាមលទ្ធភាពអាចធ្វើបាន តែនៅសប្តាហ៍នេះមន្ត្រីអ៊ុយក្រែនបានទទួលស្គាល់ថា«ស្ថានការណ៍កាន់តែពិបាកឡើង»។
ទាហានអ៊ុយក្រែនបានក្រាញការពារទីក្រុងនេះអស់ពេលរាប់ខែក្នុងការប្រយុទ្ធស៊ីសាច់ហុតឈាមបំផុតក្នុងសង្គ្រាមអ៊ុយក្រែន ហើយការបាញ់កាំភ្លើងធំបានបំផ្លាញទីក្រុងស្ទើរមួយរយភាគរយ។
រុស្ស៊ីប្តេជ្ញាវាយដណ្តើមយកទីក្រុងភាគខាងកើតនេះ ជាផ្នែកនៅគោលដៅធំមួយរបស់ខ្លួនគឺគ្រប់គ្រងតំបន់ដុនណិតសខ៍ទាំងមូល។
ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី បាននិយាយថា «ការប្រយុទ្ធគ្នាកាន់តែកើនឡើងនិងស្ថានការណ៍ពិបាកណាស់»នៅពេលមេបញ្ជាការអ៊ុយក្រែនបាននិយាយថាស្ថានភាពនៅបាឃ្មុត»តានតឹងណាស់»។
បើតាមមន្ត្រីអ៊ុយក្រែន នៅមានជនស៊ីវិលប្រមាណ៤.៥០០នាក់នៅក្នុងទីក្រុងដែលកាលពីមុនពេលសង្គ្រាមមានមនុស្សរស់នៅប្រមាណ៧០.០០០នាក់៕
លោកយេវហ្គេនី ព្រីហ្គោហ្ស៊ីន អះអាងថា ក្រុងបាឃ្មុតត្រូវកងកម្លាំងរបស់លោកឡោមព័ទ្ធនៅសល់តែផ្លូវមួយសំរាប់ពួកយុទ្ធជនអ៊ុយក្រែនចាកចេញ
កងកម្លាំងអ៊ុយក្រែនបាញ់ផ្លោងដាក់កងកម្លាំងរុស្ស៊ីនៅបាឃ្មុត