ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ប្អូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន ឡុង កំពុងស្ថិតក្រោមការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថាបានផ្តល់ភស្តុតាងមិនពិតទាក់ទងនឹងបណ្តាំមរតករបស់ឪពុកស្លាប់ទៅរបស់ពួកគេគឺលោកអតីតនាយករដ្ឋមន្ត្រី លី ក្វាន់ យូ។
ទីភ្នាក់ងារសារព័ត៌មានAP បានរាយការណ៍ថា ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ លោក តេវ ឈី ហៀន (Teo Chee Hean) បាននិយាយនៅក្នុងឯកសារមួយផ្ញើជូនសភាជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ទី២មីនាថា លោក លី សៀន យ៉ាង (Lee Hsien Yang) និងភរិយាឈ្មោះ លី ស្វេត ហ្វឺន (Lee Suet Fern)កំពុងត្រូវបានស៊ើបអង្កេតជុំវិញការចោទប្រកាន់ថាបានភូតកុហកក្រោមពាក្យសម្បថរបស់ក្រុមប្រឹក្សាចៅក្រមដែលមានបីរូប និង សាលាក្តីវិនិច្ឆ័យទាក់ទងនឹងបណ្តាំនោះ។
លោក តេវ ឈី ហៀន បានសរសេរថា “ប៉ូលិសបានណែនាំពួកគេឱ្យពិចារណាឡើងវិញនូវការចូលរួមក្នុងការស៊ើបអង្កេតប៉ុន្តែពួកគេបានចាកចេញពីប្រទេសសិង្ហបុរីតាំងពីពេលនោះមក ហើយនៅតែស្ថិតនៅក្រៅប្រទេស”។
លោក លី សៀន យ៉ាង និងបងប្រុសជានាយករដ្ឋមន្ត្រីរបស់គាត់ មានជម្លោះជុំវិញបណ្តាំមរកតរបស់ឪពុករបស់ពួកគេ គឺលោក លី ក្វាន់ យូ ដែលដឹកនាំប្រទេសសិង្ហបុរីតាមរយៈឯករាជ្យភាពពីចក្រភពអង់គ្លេស។
បន្ទាប់ពីការស្លាប់របស់គាត់ក្នុងឆ្នាំ២០១៥ បងប្អូនបង្កើតបានឈ្លោះគ្នាជុំវិញឃ្លាមួយនៅក្នុងបណ្តាំមរតករបស់គាត់ដែលចង្អុលបង្ហាញថា ផ្ទះបង់ហ្គាឡូគ្រួសារ ជាកន្លែងដែលលោក លី ក្វាន់ យូ រស់នៅអស់រយៈពេល៩១ឆ្នាំ គួរតែត្រូវវាយកម្ទេចជាជាងក្លាយជាកន្លែងទាក់ទាញទេសចរណ៍។
AP បានរាយការណ៍ថា លោក លី សៀន យ៉ាង និងប្អូនស្រីរបស់គាត់ លី វៃ លីង (Lee Wei Ling) បានចោទប្រកាន់បងប្រុសរបស់ពួកគេ គឺលោក លី សៀន ឡុង ថា បានខិតខំថែរក្សាផ្ទះនោះដើម្បី “ពង្រឹងទុននយោបាយរបស់គាត់។
លោកយ៉ាង អតីតនាយកប្រតិបត្តិក្រុមហ៊ុនSingtelដែលរស់នៅនិរទេសខ្លួននៅអឺរ៉ុបអស់ជាច្រើនខែជាមួយភរិយា បានប្រាប់AP កាលពីថ្ងៃសុក្រថា ការស៊ើបអង្កេតថ្មីគឺជា “ការប៉ុនប៉ងបន្ថែមទៀតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនិងវាយប្រហារខ្ញុំ” ហើយ “វាមិនមានសុវត្ថិភាពទេសម្រាប់ខ្ញុំត្រឡប់ទៅប្រទេសសិង្ហបុរីវិញ”។
នៅក្នុងសារបង្ហោះនៅលើ Facebook គាត់បាននិយាយថា “ការធ្វើទុក្ខបុកម្នេញលើគ្រួសាររបស់ខ្ញុំដោយអាជ្ញាធរសិង្ហបុរីនៅតែបន្តឥតឈប់ឈរ”។
រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា ការស៊ើបអង្កេតរបស់ប៉ូលិសគឺជាឱកាសមួយសម្រាប់ លី សៀន យ៉ាង និងភរិយារបស់គាត់ដើម្បីបញ្ជាក់អំពីខ្លួនឯង ហើយការបដិសេធរបស់ពួកគេក្នុងការចូលរួមបានបង្កើតជាចម្ងល់៕
លោក លី សៀន យ៉ាង ថ្លែងវិយោគកថាអំឡុងបុណ្យសពឪពុកគាត់ លីក្វាន់យូ ក្នុងឆ្នាំ២០១៥