ដោយៈបញ្ញាសាស្រ្ត/កំពង់ធំ៖ ថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៣៦០រូប នៃគណបក្សប្រជាជនកម្ពុជាឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្ត​កំពង់ធំ ស្នាក់ការគណបក្សឃុំកំពង់ថ្ម នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសន្ទុក បានចាត់ទុកការចូលរួមរស់ជីវភាពនយោបាយជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្ន មិនមានគណបក្សនយោបាយណាមួយ ដែលមាន គោលនយោបាយ​ច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ ។

លោកស្រីបន្ឌិតបានបន្តថាទៀតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែរួមសុខរួមទុក្ខជាមួយ​ប្រជាពលរដ្ឋគ្រប់​ពេលវេលា ។ គណបក្ស​ប្រជាជនកម្ពុជា បានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូតមក ហើយក៏នឹងបន្តរួមដំណើរ​ដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ ។លោកស្រីក៏បានចាត់ទុកការចូលរួមរបស់សមាជិក សមាជិកានាពេលនេះ បានផ្តល់នូវយុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។ ដោយសារទឹក​ចិត្ត ឆន្ទៈ និងសកម្មភាពដ៏ឧត្តុងឧត្តមនេះហើយ ដែលជាប្រភពកម្លាំងដ៏ធំធេង ធ្វើឱ្យគណបក្ស មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ​បំពេញភារកិច្ច​បម្រើជាតិ និងប្រជាជនប្រកបដោយជោគជ័យ។

លោកស្រី ជា សិរី បានរំលេចឱ្យឃើញថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថិរភាពនយោបាយ ត្រូវបានថែរក្សាយ៉ាងគត់មត់ លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងដោយជោគជ័យ រីឯជីវភាព​ប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមជាមួយនោះ កិត្យានុភាពរបស់កម្ពុជា កាន់តែបានលើកកម្ពស់​លើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជា បានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ប្រកបដោយជោគជ័យ ។

នៅឱកាសនោះដែរលោកស្រីបណ្ឌិត ជា សិរី បានអញ្ជើញទៅប្រគល់ផ្ទះចំនួន២ខ្នងជូនដល់ប្រជាជនពីរគ្រួសារដែលមានការ​ខ្វះខាតរស់​នៅភូមិឈើទាល់ ក្នុងឃុំកំពង់ថ្មផងដែរ៕សរន