ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញ៖ ជាមួយនឹងទេពកោសល្យពីធម្មជាតិ រួមផ្សំនឹងការច្នៃ ប្រឌិត និងសមត្ថភាព បានធ្វើឱ្យគ្រាប់ពេជ្រ មួយគ្រាប់ ក្នុងចំណោមកូនប្រុសទាំងបីរបស់ លោក ព្រាប សុវត្ថិ លេចធ្លោបន្ថែមទៀត ក្រោយចុះកិច្ចព្រមព្រៀង ជាមួយនឹងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីរសៀលថ្ងៃទី៣ មីនា នៅសណ្ឋាគារលំដាប់ផ្កាយ៥ ហៃយ៉ាត់ រ៉េជេនស៊ី ក្រោមវត្តមាន តារាចម្រៀងល្បីៗ សិល្បករ និងភ្ញៀវកិត្តិយស ជាច្រើនរូប។
ក្នុងកម្មវិធីដ៏មានអត្ថន័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ ហ៊ោកញ្ជ្រៀវជា មួយនឹងការអបអរសាទរ លោក សុវត្ថិ មុនីវណ្ណ ចូលផលិតកម្មកម្សាន្ត Galaxy Navatra កំពូលតារាចម្រៀងល្បីល្បាញ រាប់ទសវត្សរ៍លោកឧកញ៉ា ព្រាប សុវត្ថិ និងភរិយា ក៏បានអញ្ជើញចូលរួម ផ្តល់កិត្តិយសជូនកូនប្រុសផងដែរ ខណៈពេលដែល អ្នករៀបចំកម្មវិធីចាក់ Show បង្ហាញបទចម្រៀងថ្មីដំបូងរបស់ មុនីវណ្ណ ចូល Galaxy Navatra លោកឧកញ៉ា ព្រាប សុវត្ថិ បានអញ្ជើញងើបពីកៅអីកិត្ដិយសរាំតាមចង្វាក់ ភ្លេងជាមួយកូនប្រុស ព្រមទាំងតារាកំប្លែងនាយក្រឹម យ៉ាងសប្បាយរីករាយ។
បទចម្រៀងដំបូងរបស់តារាចម្រៀងវ័យក្មេងរូបនេះ ដែលបានចាក់បង្ហាញជូនភ្ញៀវ កិត្តិយសនោះ មានចំណងជើងថា «Don’t Compare» ជា OFFICIAL AUDIO ។ ទន្ទឹមនឹងនោះ ផលិតកម្ម Galaxy Navatra នៅព្រឹកថ្ងៃសៅរ៍ទី៤ មីនានេះ ក៏មានបង្ហោះ OFFICIAL AUDIO បទរបស់តារាចម្រៀងថ្មីរូបនេះ ជាផ្លូវការ លើហ្វេសប៊ុកផ្លូវការរបស់ខ្លួនផងដែរ៕ V / N