ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ កងពលតូចថ្មើរជើងលេខ៥១ បានបើកវគ្គក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការរបស់ខ្លួន កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីត្រៀមសម្តែងបង្ហាញទស្សនីយភាព ព្រឹត្តការណ៍អង្គរសង្រ្កាន្តខាងមុខ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ  មេបញ្ជាការកងពល មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង កងពលតូចថ្មើរជើង លេខ៥១ នាយទាហាន​និងកម្មសិក្សាការី ចំណុះទីបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញចូលរួម នៅក្នុងពិធីនេះ ។

វគ្គហ្វឹកហ្វឺន “ក្បាច់គុននៃកងយោធពលខេមរភូមិន្ទ​” ជំនាញគុនល្បុក្កតោ របស់កងពល តូចថ្មើរជើងលេខ៥១ មានរយៈពេលសិក្សា ចំនួន ៥៥ ថ្ងៃ និងសិក្ខាកាម សរុបចំនួន ៣០០ នាក់ និងត្រៀមសម្តែងបង្ហាញទស្សនីយភាព ព្រឹត្តការណ៍អង្គរសង្រ្កាន្ក នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០២៣ នាពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន នាយសេនាធិការ និងជាមេបញ្ជារការស្តីទី យោធភូមិភាគទី៥ បានផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងវគ្គ ដោយពេលវេលារៀននៅតិច ថ្ងៃសម្រាក ថ្ងៃបុណ្យមានច្រើន ដូច្នេះត្រូវគ្រប់គ្រងសិស្ស ១០០ ភាគរយ យោធាចារ្យ ត្រូវប្រឹងប្រែងយកបទពិសោធន៍ល្អៗ បង្ហាត់បង្រៀនសិស្ស ឱ្យងាយយល់ ឆាប់ចេះ ធានាបានគុណភាពហ្វឹកហ្វឺន ត្រូវធានាបានល្អ ការស្នាក់នៅ ធានាការហូបចុកឆ្ងាញ់ ដើម្បីសុខភាពយោធិនហ្វឹកហ្វឺន ហើយស្នើឱ្យកម្មសិក្សាការី ត្រូវគោរពវិន័យ​បទបញ្ជាផ្ទៃ ក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់ស្តាប់គ្រូ ដើម្បីទទួលលទ្ធផលល្អ ពេលបញ្ចប់វគ្គ។

ក្នុងពេលប្រកាសបើកវគ្គហ្វឹកហ្វឺន គណៈអធិតី ក៏បានឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០ រៀល ព្រមទាំងអាវយឺត ចំនួន ៣០០ អាវ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈរបស់ រដ្ឋបាលខេត្ត ឧបត្ថម្ភ រួមមាន អង្ករចំនួន ២.០០០ គីឡូក្រាម មីចំនួន២០កេស ត្រីខចំនួន ៤កេស ទឹកស៊ីអុីវចំនួន ២០ យួរ ទឹកត្រីចំនួន ២០យួរ ទឹកបរិសុទ្ធអារុណា ចំនួន២០កេស គោជល់ចំនួន១០កេស ជូនដល់វគ្គហ្វឹកហ្វឺនផងដែរ ។

សូមរំលឹកថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣​ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងតំណាងក្រុមហ៊ុនសុខាអូតែល រីសត បានដឹកនាំ គណៈប្រតិភូ អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥១ ក្នុងឱកាសអបអរ សាទរ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ។ ក្នុងនោះ ក៏បាននាំយកអំណោយ ចែកជូនដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥១ រួមមាន គ្រឿងឧបភោគ បរិភោគចំនួន ១៣ មុខ ឱសថ សម្ភារ បរិក្ខារពេទ្យ ចំនួន ៤១មុខ និងថវិកា ចំនួន ១០.០០០.០០០ រៀល ៕/V/R