ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លោក វ៉ាត់ ចំរើន បានស្នើដល់សិស្ស និស្សិត និងប្រជាពលរដ្ឋ ទាំងខ្មែរ និងម្ចាស់ផ្ទះ នៃប្រទេសអាស៊ីអាគ្នេយ៍ ឲ្យចូលរួមអបអរសាទរ និងគាំទ្រ នៅពេលពិធីរត់ដង្ហែភ្លើងគប់ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទៅដល់ទីកន្លែង ដែលខ្លួនរស់នៅ ដើម្បីរួមចំណែកធ្វើឲ្យពិធីរត់កាន់តែអស្ចារ្យ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថាៈ យើងបានជជែកគ្នាជាមួយទូត នៃបណ្ដា ប្រទេសអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៤ មីនា ច្រើនអំពីរឿងការរត់ភ្លើងគប់ ដែលចេញដំណើរ ពីខេត្តសៀមរាប ដើម្បីក្លាយទៅជាចលនាមួយដ៏សំខាន់ សម្រាប់ធ្វើការក្រើនរម្លឹក ឬក៏ធ្វើការផ្សព្វផ្សាយពីភាពអស្ចារ្យ នៃម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ របស់កម្ពុជាយើង។
យើងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅតាមបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាំងកម្មករ កម្មការិនី នៅតាមប្រទេសនីមួយៗ សិស្ស និស្សិត ឲ្យគាត់ចូលរួមអបអរសាទរ ក្នុងការរត់ភ្លើងគប់នេះ។ ហេតុនេះ សូមការយោគយល់ និងការចូលរួមទាំងអស់គ្នា ព្រោះថា ខ្មែរទៅដល់ណា ក៏ជាម្ចាស់ផ្ទះ នៃការរៀបចំស៊ីហ្គេម របស់យើងដែរ។

លោកអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបញ្ជាក់ថាៈ អ្វីដែលជាកិច្ចការសំខាន់របស់ឯកអគ្គរាជទូត កម្ពុជា នៅប្រទេសអាស៊ាននីមួយៗ ត្រូវធ្វើគឺរៀបចំការងារត្រៀមទទួល និងអបអរពិធីដង្ហែ ភ្លើងគប់នេះ។ ដូច្នេះស្ថានទូតកម្ពុជា ត្រូវសហការជាមួយប្រទេសជាម្ចាស់ផ្ទះ ដែលមាន គណៈកម្មាធិការអូឡាំពិកជាតិ របស់ប្រទេសនីមួយៗ ក៏ដូចជា អាជ្ញាធរដែនដី ដើម្បីធ្វើ យ៉ាងណាឲ្យការរត់ភ្លើងគប់នេះ ក្លាយទៅជាសារមួយ បំផុសចលនានៃព្រឹត្តិការណ៍ ស៊ីហ្គេម របស់កម្ពុជា ផ្ដល់គុណតម្លៃស៊ីហ្គេមរបស់កម្ពុជា ទៅឲ្យប្រទេសជាសមាជិក ស៊ីហ្គេម។

កម្ពុជា នឹងរៀបចំព្រះរាជពិធីសុំព្រះអគ្គិកីឡា នៅថ្ងៃទី២១ ខែមីនា នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា។ បន្ទាប់មក ព្រះអគ្គិកីឡា នឹងត្រូវអុជទៅកាន់ភ្លើងគប់ ដើម្បីរត់ដង្ហែជុំវិញប្រាសាទ អង្គរវត្ត មុនពេលថ្ងៃទី២២ ខែមីនា ភ្លើងគប់នេះ នឹងត្រូវចាកចេញពីកម្ពុជា ទៅប្រទេស ទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ទើបត្រឡប់ មកកម្ពុជាវិញ៕/V-PC