ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំយុទ្ធនាការ “កាត់បន្ថយការប្រើប្រាស់ថង់ ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន”។
គួរបញ្ជាក់ថា ពិធីនេះបានរៀបចំឡើង ដោយមានការចូលរួមពីសំណាក់ លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និង លោក ចៅ មុនីរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថាន រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរជំនាញពាក់ព័ន្ធ ក្រោមចំណុះរដ្ឋបាលខេត្ត យុវជន ស.ស.យ.ក. កាយឫទ្ធិ កាកបាទក្រហម សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារសាមគ្គី សរុបប្រមាណជាង ៤០០ នាក់ នាថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ នៅខេត្តស្ទឹងត្រែង។
ថ្លែងក្នុងយុទ្ធនាការនេះ លោក កែន សេរីរដ្ឋា បានលើកឡើងថាៈ «យុទ្ធនាការដែលបាន រៀបចំក្នុងថ្ងៃនេះ គឺជាការបំផុសស្មារតីរបស់សាធារណជនទូទៅ ឱ្យយល់ដឹងអំពីផល ប៉ះពាល់នៃសំណល់សំរាម ជាពិសេសគឺសំណល់ប្លាស្ទិក ដែលបង្ករគ្រោះថ្នាក់បំផុត ដល់សុខភាពមនុស្ស និងគុណភាពបរិស្ថាន និងជាឱកាសក្នុងការឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់ របស់ប្រជាជនទាំងអស់គ្នា ក៏ដូចជាប្រជាជនលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណ ភាពបរិស្ថាន ភពផែនដីឱ្យឈានឆ្ពោះទៅរក្សានិរន្តរភាព និងភាពស្រស់បំព្រងសម្រាប់ មនុស្សបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗ»។
គួរបញ្ជាក់ថា យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណង ៖ ១)ផ្សព្វផ្សាយជាផ្លូវការ នូវចលនាទូលំទូលាយរួមគ្នា កាត់បន្ថយសំណល់ប្លាស្ទិក នៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង ថង់ប្លាស្ទិក ។
២)ជំរុញនិងលើកទឹកចិត្ត ដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍ នូវការផ្តល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃដល់អតិថិជន។ ៣)ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តក ដែលធ្វើពីចចូត ជាផលិតផលក្នុងស្រុក។
គួរបញ្ជាក់ថា នៅក្នុងយុទ្ធនាការនេះ លោក កែន សេរីរដ្ឋា និងគណៈអធិបតី ក៏បាន ប្រគល់នូវសៀវភៅកម្ពុជា មាតុភូមិខ្ញុំ ដបទឹកបរិស្ថាន និងកន្រ្ដកបរិស្ថាន ជូនដល់ថ្នាក់ ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ ចៅសង្កាត់ទាំងបួន តំណាងភូមិ ឃុំ និងអ្នកចូលរួមក្នុងអង្គពិធី ព្រមទាំងចែកជូនដល់ ប្រជាពលរដ្ឋ និងអាជីវករ ក្នុងផ្សារសាមគ្គី ដើម្បីរួមចំណែក កាត់បន្ថយថង់ប្លាស្ទិក ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់៕/V-PC