ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថាៈ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កំពុងធ្វើការសិក្សា ដើម្បីដាក់សាឡាងបន្ថែម ឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ) បន្ថែមលើសាឡាងចម្លង ពីកោះនរា ឆ្ពោះមកកោះពេជ្រ បច្ចុប្បន្នដែលមានស្រាប់។
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថាៈ បន្ទាប់ពីមាន ការកកស្ទះចរាចរណ៍ខ្លាំង នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ មក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងារបច្ចេកទេស ប្រជុំពិភាក្សាបន្ទាន់ ដើម្បីរកដំណោះស្រាយ ដោយទទួលបានលទ្ធផល ក្នុងនោះ មានការដាក់សាឡាងបន្ថែមមួយដែរ។
អភិបាលរាជធានី បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការសិក្សាដាក់សាឡាង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ) បន្ថែមលើសាឡាងចម្លង ពីកោះនរា ឆ្ពោះមកកោះពេជ្រ ដែលមានបច្ចុប្បន្ន។
មន្ត្រីជំនាញ បានលើកឡើងថាៈ នៅពេលវេលាចរាចរណ៍ មមាញឹក សូមបងប្អូន ប្រជាពលរដ្ឋ ដែលមានលទ្ធភាព និងចេះប្រើប្រាស់APP GOOGLE MAPS មេត្តាប្រើប្រាស់ជាជំនួយ ក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍ នៅតំបន់ការដ្ឋាន សាងសង់ ស្ពានអាកាសព្រះមុនីវង្ស ពេលឃើញមានការកកស្ទះចរាចរណ៍ សូមបងប្អូន ប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវផ្សេង ប្រសិនបើមានជម្រើស។
សូមបញ្ចាក់ថា កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធររាជធានីភ្នំពេញភ្នំពេញ ដឹកនាំដោយលោក កើត ឆែ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបេីកកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដេីម្បីដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍ ជាច្រើនម៉ោងកាលពីល្ងាចថ្ងៃទី១ មីនា កន្លងមក៕/V-PC