ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កម្ម
(កាំ)
នាមសព្ទ
(បា. ; សំ. កម៌នំ) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម ( កម្មជាកុសល, កម្មជាអកុសល)
ទទួលកម្ម, រងកម្ម, តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លូនបានធ្វើ បានសន្សំមកហើយ ។ កម្មករ (កាំ-មៈ-ក) ន. (បា.) អ្នកធ្វើការបម្រើដោយឈ្នួល (អ្នកស៊ីឈ្នួល) : ពួកកម្មករកំពុងធ្វើការខ្ញៀវ ។ កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរអស់កម្ម : គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់ ។ កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតា កាលប្រសូតបុត្រ ខ្យល់នេះហើយ ដែលបក់នាំកូនឲ្យប្រសូតចេញចាកផ្ទៃមាតា ។ កម្មដ្ឋាន ( កាំម៉ាត់-ឋាន ) ន. (បា.) ហេតុជាទីតម្កល់នៃបរិកម្ម : ចម្រើនកម្មដ្ឋាន ។ កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយនៃការងារ, ការវិនាសខូចខាតការងារ; អន្តរាយព្រោះកម្ម ។ កម្មន្តសាល (—តៈ-សាល ) ន. (បា.) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេង ៗ ។ កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬល្អដែលសត្វលោកធ្វើដោយកាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង, ខាងល្អហៅថា កុសលកម្មបថ មាន ១០ យ៉ាង ។ កម្មបលិពោធ ( កាំ-ម៉ៈ-ប៉ៈ-លិ-ពោត ) ន. (បា.) ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ ។ កម្មវត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។ កម្មវាចក (កាំ-ម៉ៈ-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី ។ កម្មវាចា ន. (បា.) ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឲ្យដឹងក្នុងកិច្ចជាសង្ឃកម្មផ្សេងៗ តាមវិនយប្បញ្ញត្តិក្នុងព្រះពុទ្ធសាសនា : សូត្រកម្មវាចា ។ កម្មវាចាចារ្យ ( កាំម៉ៈវាចាចា ) ន. ( សំ. បា. កម្មវាចកាចរិយ, កម្មវាចាចរិយ ) ភិក្ខុជាអាចារ្យអ្នកសូត្រនូវកម្មវាចា ( លោកគ្រូសូត្រ) ។ កម្មវិធី ន. (បា. —វិធី) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ : កម្មវិធីបុណ្យ ។ កម្មវិបាក ន. (បា.) ផលរបស់កម្ម : ទទួលកម្មវិបាក ។ កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿចំពោះកម្ម, សេចក្តីជឿនូវអំពើដែលត្រូវធ្វើ ។ កម្មសិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុដែលសម្រេចតាមអំណាចច្បាប់ ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារ ឬទ្រព្យសម្បត្តិ ដែលត្រូវសម្រេចបាន មកលើខ្លួន : ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។ កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ ។
កណ្ដឹមឆែប!
ឧទានសព្ទ
សូរដែលបន្លឺឡើង ដោយការភ្ញាក់ ឬ ដោយការជ្រលួសមាត់ ព្រោះជំពប់ប៉ះអ្វី ៗ
យាយគាត់ភ្លាត់មាត់ថា កណ្ដឹមឆែប! ។
មណី
(មៈនី)
នាមសព្ទ
(សំ. បា. មណិ) ឈ្មោះកែវ ឬ ត្បូងវិសេសមួយប្រភេទ; ពេជ្រ; ខ្យងដាំ; ច្រើននិយាយថា កែវមណី ។ មណីការ ជាងច្នៃត្បូង, ជាងច្នៃពេជ្រ, ដាំខ្យង ។ មណីជោតិរស ( –រស់ ) ឈ្មោះកែវវិសេសមួយប្រភេទ មានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថា មានអានុភាព អាចឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាងបាន តាមចំណង់របស់អ្នកត្រូវការ (ម. ព. ជោតិរស ផង) មណីរត្ន ឬ —រ័ត្ន ( —រ័ត្ន )
កែវមណី, ពេជ្រមានតម្លៃ ។ ល ។
យាយ
នាមសព្ទ
ដូន, ជីដូន (សៀមហៅ យ៉ាយ ចំពោះតែជីដូនខាងមាតា ឬហៅស្ដ្រីដទៃ ដែលមានចំណាស់ ស្មើនឹងជីដូនខាងមាតា ក៏បាន; បើជីដូនខាងបិតាហៅថា យ៉ា អ. ថ. យ៉ា) ។ យាយទួត, យាយលួត, យាយលា ជីដូនទួត, —លួត, —លា ។
រង
កិរិយាសព្ទ
ទ្រពីក្រោម, ដាក់ទ្រពីក្រោម
យករនេលដាក់រងឈើហុប ។
ទទួលភារៈ, ទទួលបន្ទុក
រងក្ដីជួសគេ, រងបន្ទុក ។
ទស់ទប់ការពារ
យកដំបងរងមុខដាវ ។
ទទួលទុក្ខវេទនា
រងទុក្ខ, រងកម្ម, រងគ្រោះថ្នាក់ ។ ល ។
គុ. ដែលជាលំដាប់ចុះមក
អ្នកនុះគេមានចំណេះជាងខ្ញុំ, ខ្ញុំរងពីគេមក, ចាងហ្វាងរង, អគ្គលេខាធិការរង។ រងរ៉ាប់ ឬ រ៉ាប់រង ទទួលភារៈលើខ្លួន, ទទួលអះអាង ។
នាមសព្ទ
ពំនូកដីដែលពូនជាភ្លឺដាំដំឡូងជ្វាជាដើម មានជ្រលងទាបត្រង់ចន្លោះ
រងដំឡូង, រងត្រាវ, លើករងខ្ញី, ពូនរងដំឡូង ។
ប្រដាប់សម្រាប់ទ្រពីក្រោម
រងប្រអប់, រងហឹបស្លា ឬ រងស្លា ។
រងទឹក ប្រឡាយតូចដែលលកក្រោមចុងសំយាបដំបូល ជាផ្លូវសម្រាប់បង្ហូរទឹកភ្លៀងដែលធ្លាក់អំពីដំបូល មិនឲ្យហូរចូលមកខាងក្នុង
ជីករងទឹករោង ។
រងព្រះជង្ឃ ( រ. ស. ) ខ្នើយរងជង្គង់ ។ រងព្រះបាទ ( រ. ស. ) ខ្នើយជើង ។ រងព្រះសិរ ( រ. ស. ) ខ្នើយកើយ ។
គុណសព្ទ
ដែលឡើងថ្លាព្រោះភក់ឬកករធ្លាក់ចុះទៅខាងក្រោម
ដងទឹកល្អក់ទុកឲ្យរង, ទឹកកំបោររង ។
( មើលក្នុងពាក្យ រុង ) ។