ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឆ្នើម
គុណសព្ទ
ដែលលើសដាច់គេ, ឆើត
ល្អឆ្នើម, ចំណេះឆ្នើម, ប្រាជ្ញាឆ្នើម ។
ប្រើជា កិ. វិ. ក៏បានចេះឆ្នើម ចេះដាច់គេ ។ ប្រើខាងអាក្រក់ក៏បាន
កាចឆ្នើម, ខូចឆ្នើម, អាក្រក់ឆ្នើម ។
ដឹស
នាមសព្ទ
ឈ្មោះវល្លិមួយប្រភេទ ស្លឹកធំៗ, មានផ្កាក្រអូប, មានមើមស្រដៀងនឹងក្ដួច, មើមនោះ បើយកមកចិតជាចំណិតៗ ហើយត្រាំទឹកឲ្យសោះអស់រសជាតិដើមចេញ អាចប្រកបប្រើធ្វើជាអាហារបានក្នុងទុព្ភិក្ខកាល ។
ថ្មោង
គុណសព្ទ
ថ្មី, ដំបូង, ចំពើប
ចំណីថ្មោង។ ថ្មោងថ្មី ដែលថ្មោងហើយទើបបានថ្មី ។
ទស
(ទស់)
បកតិសំខ្យា
(បា.) ដប់ (១០)
យើងខ្ញុំបង្គំព្រះទ្រង់យស ដោយម្រាមទាំងទសផ្ចង់គោរព ព្រមដោយសក្ការៈទាំងគ្រប់ សូមឲ្យឧបទ្រពចៀសចេញឆ្ងាយ ។
ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ. ថ. ទៈសៈ ដូចជា ទសក័ណ្ឋ (—ក័ន) ន. (បា. ទសកណ្ឋ; សំ. ទឝកណ្ឋ ) អ្នកដែលមាន-ក ១០ គឺរាពណ៍ : ព្រះបាទទសក័ណ្ឋ ( ក្នុងរឿងរាមកេរិ៍្ត )។ ទសធម្ម (—ធ័ម ឬ—ធ័ម-ម:) ន. (បា.) ធម៌ ១០ ។ ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដក សំដែងពីធម៌១០ ប្រភេទ ។ ទសបារមី (ទៈ សៈ បារ៉ៈម៉ី) ន. (បា.) បារមី ១០ គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញមាន ១០ យ៉ាងគឺ ១-ទាន ការធ្វើអំណោយ; ២-សីល ការរក្សាកាយវាចាឲ្យបរិសុទ្ធប្រពៃ; ៣-នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស; ៤-បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត; ៥-វីរិយៈ ព្យាយាម; ៦-ខន្តិ សេចក្ដីអត់ធន់** ; ៧-សច្ចៈ ការកាន់សំដីពិតមិនរើរុះ; ៨-អធិដ្ឋានៈ ការអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩-មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០-ឧបេក្ខា ដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ ។ បារមីទាំង ១០ នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឲ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ ។ ទសពល ( —ពល់ ) គុ. ឬ ន. (បា.) ដែលមានកម្លាំង ១០ គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០ (ព្រះសម្មាសម្ពុទ្ធ)
**ពាក្យ “ធន់” ត្រូវបានកែតម្រូវពីពាក្យដើម “ធន” ដោយហេតុថាពាក្យ “ធន” មានន័យថាទ្រព្យសម្បត្តិ ដែលមិនសមស្របតាមបរិបទនេះ។
ព្រះទសពល ។
ទសពិធ (—ពិត) គុ. (បា. ទសវិធ, វ > ព = ទសពិធ) ដែលមាន ១០ យ៉ាង, មាន ១០ ប្រការ ។ ទសពិធរាជធម៌ (ទៈសៈពិធៈរាជៈធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត—) ន. (បា. ទសវិធ + រាជធម្ម) រាជធម៌ ១០ យ៉ាង គឺធម៌ ១០ ប្រការសម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រ ប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌នោះគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការក្សាសីល ៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល; ៣-បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤-អាជ្ជវៈ មានសេចក្ដីត្រង់; ៥- មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦- តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ (ម. ព. តបៈ ឬ តបះ ផង); ៧- អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨- អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩- ខន្តិ មានសេចក្ដីអត់ធន់; ១០- អវិរោធនៈ មិនបំពានលើធម៌លើច្បាប់ ។ ច្រើនហៅកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌ ។ ទសមុខ (ទៈ សៈមុក, ឬ ត. ទ. ថា ទស់មុខ) ន. ឬ គុ. (បា.) មុខ១០; ដែលមានមុខ ១០ (រាពណ៍) ព្រះបាទទសមុខ (ក្នុងរឿងរាមកេរ្តិ៍) ។
ឥណ្ឌា
នាមសព្ទ
ឈ្មោះភូមិប្រទេសមួយប៉ែកធំទូលាយ ក្នុងទ្វីបអាស៊ី, មានទន្លេឥណ្ឌុស (សិន្ធុ) ឱបពីខាងលិច, ដែលក្នុងបុរាណសម័យហៅថា ប្រទេសសិន្ធវៈ ឬ សិន្ធព, ហៅអ្នកប្រទេសនោះថា សិន្ធវៈ ឬ សិន្ធព ដែរ ឬហៅ សិន្ធូ ក៏មាន, លុះចំណេរកាលតមក ហៅក្លាយជា ហិណ្ឌូ, តមកទៀតហៅ ឥណ្ឌូ; អង់គ្លេស ហៅប្រទេសនោះថា ឥណ្ឌា(India), បារាំងសែសហៅ អ័ងដឺ : (inde), ហៅរួមទាំងភូមិប្រទេស ដែលក្នុងសម័យបុរាណហៅ ជម្ពូទ្វីប, ត្រង់ភាគកណ្ដាលហៅ មជ្ឈិមប្បទេស ឬ មធ្យមប្រទេស នោះផង, ជាប់ជាពាក្យប្រើក្នុងភូមិសាស្ត្រ នៃសាកលលោក សព្វថ្ងៃនេះ ជាក់ប្រាកដថា ប្រទេសឥណ្ឌា ( ម. ព. សិន្ធុ, សិន្ធវ និង ហិណ្ឌូ ផង )។ ដែលធ្លាប់សរសេរជា ឥណ្ឌៀ នោះ ត្រូវលែងប្រើតទៅទៀត ។