ដោយៈ សុក្ខារិន / ពោធិសាត់ៈ លោក លាង ទិត្យដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានសូមឱ្យបងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ រួមគ្នាចិញ្ចឹមសត្វ និងបន្តការដាំដុះ ដំណាំគ្រប់ប្រភេទ ជុំវិញលំនៅដ្ឋាន កុំទុកដីចោលទំនេរ ទើបធ្វើឲ្យជីវភាពរស់នៅ មានភាពប្រសើរឡើង និងរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានសំណូមពរបែបនេះ នាពេលលោកបានដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ចុះសួរសុខទុក្ខ និងនាំយក នូវគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនអតីតយុទ្ធជន ដែលបាននឹងកំពុងរស់ជាអចិន្ត្រៃយ៍ នៅភូមិប៊ុនរ៉ានី ហ៊ុន សែន ជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំនួន ១៧ គ្រួសារ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ដើម្បីជួយសម្រួល ជីវភាព រស់នៅប្រចាំថ្ងៃ។
លោកប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានលើកឡើងថាៈ អតីតយុទ្ធជន ដែលជាកង កម្លាំងប្រដាប់អាវុធទាំង ៣ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំនូវហេដ្ឋារចនា សម្ព័ន្ធ នៅលើផ្ទៃដីសម្បទានសង្កមកិច្ច ជាង ១០០០ ហិកតា ចែកជូនដល់អតីតយុទ្ធជន ចំនួន ៦២៨ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានដីលំនៅឋាន និងកសិកម្ម ចំនួន ១ហិកតា៥អា និងផ្ទះមួយខ្នង ត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ។ នេះគឺជាការយកចិត្តទុកដាក់ និងគោរពដឹងគុណ ចំពោះអតីតយុទ្ធជនដែលបានតស៊ូពុះពារ និងធ្វើពលីកម្មគ្រប់បែបយ់ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន រហូតមកដល់សព្វថ្ងៃ។
លោកបានបញ្ជាក់ថាៈ គុណបំណាច់ទាំងអស់នេះ ធ្វើយើងខ្ញុំទាំងអស់គ្នា នៅតែចងចាំ ជាប់ជានិច្ច មិនអាចបំភ្លេចបានឡើយ ហើយនៅតែបន្តជួយឧបត្ថម្ភ ដើម្បីធ្វើយ៉ាងណា ឲ្យជីវភាពរបស់អតីតយុទ្ធជន រស់នៅក្នុងតំបន់នេះ មានភាពល្អប្រសើរ។
ជាក់ស្តែង នាថ្ងៃនេះ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ក្រោយពីទទួលបានកិច្ចចង្អុល ការពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់នោះ បានចុះមកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន មកផ្តល់ជូនដល់លំនៅឋានផ្ទាល់តែម្តង។
លោក លាង ទិត្យដ្ឋាន បានលើកឡើងថាៈ ដោយផ្នែកលក្ខណៈនៃភូមិសាស្ត្រនៅក្នុង តំបន់តំណាក់ត្រយឹងនេះ មានភាពល្អប្រសើរលើវិស័យកសិកម្មនោះ សូមឲ្យក្រុមគ្រួសារ នៃអតីតយុទ្ធជនទាំងអស់ រួមគ្នាដាំដុះ ដូចជាដំឡូងមី ឪឡឹក ស្វាយ ពោត និងដំណាំរួមផ្សំ ព្រមទាំងចិញ្ចឹមមាន់ ជ្រូក ទា ត្រី នៅជុំវិញលំនៅឋាន កុំទុកដីចោល ត្រូវចេះកែច្នៃឲ្យអស់ លទ្ធភាព ដើម្បីកែប្រែជីវភាព ឲ្យកាន់តែប្រសើរ ព្រោះថាអំណោយមិនអាចឲ្យយើង ទទួលទានបានយូរអង្វែងនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ៕/V-PC