ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃអាទិត្យ ទី៥ខែមីនា ឆ្នាំ២០២៣ នេះបានអញ្ជេីញចុះពិនិត្យរៀបចំ ទីតាំងដីសម្បទានសង្គមកិច្ច មានទំហំ ៣០០ ហិកតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជាវៀតណាម ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដេីម្បីរៀបចំសង់លំនៅឋានចំនួន ១០០ ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិននគរបាល និវត្តជន គ្រួសារពលី មរណៈនិងគ្រួសារទីទ័លក្រ  

លោក ម៉ែនវិបុលអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជា ប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វសម្តេចតែងតែគិតគូនិងយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់គ្រួសារយោធិន នគរបាលនិវត្តជន គ្រួសារពលី មរណៈនិងគ្រួសារទីទ័លក្រ ឲ្យមានលំនៅដ្ឋានសមរម្យ និងមានជីវភាពល្អប្រសេី។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជំរុញដល់ក្រសួង ស្ថាប័នអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាផ្លូវ ទឹកស្អាត សម្រាប់ប្រេីប្រាស់ភ្លេីងអគ្គិសនីជាដេីម មកកាន់តំបន់នេះក្នុងនោះការសាងសង់សំណង់លំនៅដ្ឋាន ត្រូវធានានូវគុណភាព តាមលក្ខណៈបច្ចេកទេស៕/V-PC