​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប៉ូលីស​ប៉ា​គី​ស្ថាន​បាន​និយាយថា កងកម្លាំង​របស់​ខ្លួន​នៅ​ថ្ងៃអាទិត្យ​ទី​៥​មីនា​បាន​ប៉ុនប៉ង​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​អ៊ី​ម​រ៉ា​ន់ ខាន់​(Imran Khan)ដែល​កំពុង​តស៊ូ​នឹង​បណ្តឹង​ជាច្រើន​ក្នុងពេល​លោក​កំពុង​ដាក់​សម្ពាធ​អោយ​រដ្ឋាភិបាល​រៀបចំ​ធ្វើ​ការបោះឆ្នោត​មុន​កាលកំណត់​។​

​ប៉ូលីស​ទៅ​ពី​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាត​(Islamabad) បាន​ទៅ​ដល់​គេហដ្ឋាន​លោក​ខាន់​នៅ​ទីក្រុង​ឡាហ័​រ​(Lahore)​តែ​បែរជា​ត្រូវ​អ្នកគាំទ្រ​របស់​លោក​រាប់​រយ​នាក់​ឡោម​ព័ទ្ធ និង​មិន​បាន​រកឃើញ​រូប​លោក​ទេ​។​

​ប៉ូលីស​ក្រុង​អ៊ី​ស្លា​ម៉ា​បាត បាន​និយាយ​ក្នុង​សារ​មួយ​ថា​«​ប៉ូលីស​ក្រុង​អ៊ី​ស្លា​ម៉ា​បាត​មួយ​ក្រុម​បាន​ទៅដល់​ទីក្រុង​ឡាហ័​រ​ដើម្បី​ចាប់ខ្លួន អ៊ី​ម​រ៉ា​ន់ ខាន់ ដោយសារ​លោក​មិន​គោរព​បទបញ្ជា​តុលាការ​។​អ៊ី​ម​រ៉ា​ន់ ខាន់ ស្ទាក់ស្ទើរ​ក្នុង​ការប្រគល់​ខ្លួន​…​ប៉ូលីស​បាន​សំរុកចូល​ក្នុង​បន្ទប់​តែ​មិន​បាន​ឃើញ​គាត់​នៅ​ទីនោះ​ទេ​»​។​

​ដីកាចាប់ខ្លួន​ត្រូវបាន​តុលាការ​ចេញ​ក្រោយពី​លោកខាន់​ខកខាន​មិន​បង្ហាញខ្លួន​នៅ​តុលាការ​ក្នុង​បណ្តឹង​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃ​២៨​កុម្ភៈ​។​លោក​ខាន់​ត្រូវ​បាន​ចោទប្រកាន់​ថា​មិនបាន​ប្រកាស​រាល់​អំណោយ​ដែល​លោក​បាន​ទទួល ។​

​រាល់​មន្ត្រី​រដ្ឋាភិបាល​ត្រូវតែ​ប្រកាស​ប្រាប់​​គ្រប់​អំណោយ​ដែល​ខ្លួន​បានទទួល ហើយ​អនុញ្ញាត​អោយ​រក្សាទុក​វានៅក្រោម​តំលៃ​ជាក់លាក់​ណាមួយ​។​

​លោក​ខាន់​តែង​ព្យាយាម​រារាំង​នយោបាយ​នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​នេះ ចាប់តាំងពី​លោក​ត្រូវបាន​បង្ខំ​អោយ​ចាក​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​មួយ​កាលពី​ខែ​មេសា​ឆ្នាំមុន​។​លោក​បាន​ជំរុញ​អោយ​រដ្ឋាភិបាល​រៀបចំ​ការបោះឆ្នោត​មុន​កាល​កំណត់​ដោយ​បាន​រៀបចំ​ការ​តវ៉ា​ប្រឆាំង ដក​ក្រុម​លោក​ចេញ​ពី​សភា​និង​រំលាយសភា​ថ្នាក់​ខេត្ត​ចំនួន​ពីរ ដែល​គណបក្ស​របស់​លោក​គ្រប់គ្រង​ក្នុង​បំណង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​។​

​សូមបញ្ជាក់ថា​ ប្រជាជាតិ​ដែល​មាន​ប្រជាជន​ជាង​២២០​លាន​នាក់​នេះ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​អត្តខាត់ ដោយ​អតិផរណា​ហក់​ឡើង​កប់​ពពក ទុនបំរុង​បរទេស​កាន់តែ​រីងស្ងួត និង​កំពុង​ចរចា​សុំ​ជំនួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ពី​អង្គការ​IMF និង​ពី​ចិន​។​ដើម្បី​ទាញ​ប្រទេស​ចេញពី​វិត​បត្តិ​នេះ នាយករដ្ឋមន្ត្រី សេ​បាស សារីហ្វ​(Shehbaz Sharif )​កំពុង​ខិតខំ​ធ្វើអោយ​រស់​ឡើង​វិញ​កិច្ចព្រមព្រៀង​ឥណទាន​៦,៥​ពាន់​លាន​ដុល្លារ​ពី​IMF​ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៩៕

​ប៉ូលីស​ឈរ​យាម​លើដំបូល​អាគារ​មាន​រូប​លោក អ៊ី​ម​រ៉ា​ន់ ខាន់ ក្នុងអំឡុងពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២