ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ម្សិលមិញនេះ កីឡាករ-កីឡាការិនី វ័យក្មេងៗ ចំនួន ៦០ នាក់ មកពីសាលាគុន សមាគម និងក្លិប ចំនួន ១០ ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍រកអ្នក បន្តវេន សម្រាប់ឆ្នាំ២០២៣។

លោកឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទរិទ្ធី ប្រធានសម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេកម្ពុជា និងចាស់ ព្រឹទ្ធិចារ្យកីឡាការ៉ាតេ ជាច្រើននាក់ទៀត បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ​នៃការប្រ កួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកកុមារបន្តវេន ប្រចាំឆ្នាំ២០២៣ ដែលរៀបចំដោយ សម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេកម្ពុជា នៅក្លិបការ៉ាតេ សម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេកម្ពុជា ស្ថិតនៅគីឡូម៉ែត្រលេខ៩។

លោកឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទរិទ្ធី បានមានប្រសាសន៍ថាៈ ការប្រកួតនេះ ធ្វើឡើង ក្នុងការស្វែងរកកីឡាករ-កីឡាការិនីឆ្នើម វ័យក្មេង របស់កីឡាការ៉ាតេ ដើម្បីឲ្យបន្តវេន កីឡាករ-កីឡាការិនីចាស់ៗ ដែលចូលរួមនិវត្តន៍ ដើម្បីអភិឌ្ឍន៍ធនធានមនុស្សជំនាន់ ក្រោយ នៃអ្នកស្រលាញ់ ការ៉ាតេ ឲ្យមានការរីកចម្រើន កាន់តែខ្លាំងនូវប្រភេទកីឡាការ៉ាតេ នៅកម្ពុជា។

លោកប្រធាន បានបន្តថាៈ ការប្រកួតឆ្នាំនេះ មានកីឡាករ-កីឡាការិនី វ័យក្មេងៗ ចំនួន ៦០ នាក់ មកពីសាលាគុន សមាគម និងក្លិបចំនួន ១០ រួមមាន សមាគមការ៉ាតេ កងយោធពលខេមរភូមិន្ទ ក្រុមប្រឹក្សាកីឡាកងយុទ្ធពលខេមរភូមិន្ទ ក្លិបការ៉ាតេ ឫស្សីកែវ សូតូកង់ ក្លិបការ៉ាតេ ច្រាំងចំរេះ សូតូកង់ ក្លិបការ៉ាតេ ទីក្រុងសេះ ខេត្តព្រះសីហនុ សមាគមការ៉ាតេ សូតូកង់ខ្មែរ សាលាការ៉ាតេ សូតូកង់កម្ពុជា សម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេ កម្ពុជា ក្លិបការ៉ាតេ-ដូ មិត្តសម្លាប់ និង First West World International School ។

លោកបានបន្ថែមថាៈ សម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេកម្ពុជា បានរៀបចំវិញ្ញាសាធំៗ មួយចំនួន គឺវិញ្ញាសាកាតា (មេគុន) និងវិញ្ញាសាប្រយុទ្ធ ក្នុងនោះ រួមមាន ចំនួន ៧ វិញ្ញាសា ដូចជា វិញ្ញាសាកាតា កុមារីអាយុ ១០ឆ្នាំ និងក្រោម ១០ឆ្នាំ កុមារាអាយុ ១០ឆ្នាំ និងក្រោម ១០ឆ្នាំ វិញ្ញាសាកុមារីអាយុ ១១ឆ្នាំដល់ ១៣ឆ្នាំ វិញ្ញាសាកុមារាអាយុ ១១ឆ្នាំដល់ ១៣ឆ្នាំ វិញ្ញាសាយុវតីអាយុ ១៤ឆ្នាំដល់ ១៦ឆ្នាំ វិញ្ញាសាយុវជនអាយុ ១៤ឆ្នាំដល់ ១៦ឆ្នាំ និងវិញ្ញាសាប្រយុទ្ធ វិញ្ញាសាយុវជនអាយុ ១៦ឆ្នាំដល់ ១៧ឆ្នាំ៕/V/r