សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨

1166
ចែករម្លែក

ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៤ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​ជប៉ុន​ប្រគល់​ហិប​ឆ្នោត​ជាង​មួយ​ម៉ឺន និង​រថយន្ត​ប្រភេទ​ភី​ក​អាប់ ៤០​គ្រឿង​ដល់គ​.​ជ​.​ប​.

​ដូច​ការសន្យា រាជរដ្ឋាភិបាល​ជប៉ុន​បានប្រគល់​ជំនួយ​ជា​សម្ភារ​រួចហើយ មក​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​គ​.​ជ​.​ប​. សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែលមាន​ទឹកប្រាក់​ស្មើនឹង​ជាង​ប្រាំ​ពីរលាន ដុល្លារ​អាមេរិក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​. កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ៕

*​សម្ពាធ​ទាប​រដូវវស្សា បញ្ចេញ​ឥទ្ធិពល​ច្រើនជាង​មុន​នៅ​តំបន់​ឆ្នេរសមុទ្រ​ខេត្តកោះកុង​

​ឥទ្ធិពល ជ្រលង​សម្ពាធ​ទាប​ខ្យល់មូសុង​និរតី ផ្តើម​ពង្រីក​វិសាលភាព​របស់ខ្លួន​ច្រើនជាង​ឡើងៗ នៅតាម​តំបន់​ឆ្នេរសមុទ្រ​ខេត្តកោះកុង បើ​ធៀប​នឹង​ពេល​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​ព្យាករណ៍​អាកាសធាតុ​កាលពី​ថ្ងៃទី​១២ ខែកក្កដា កន្លងទៅ ៕

*​សង្ស័យ​ពុល​ស្រាសៈ​ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ជិត​៥០​នាក់​ចូល​ពេទ្យ​និង​ពីរ​នាក់​ស្លាប់​

​ពលរដ្ឋ ចំនួន​ពីរ​នាក់​បាន​ស្លាប់​និង​ជិត​៥០​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ដោយមាន​អាកា​រៈ​វិលមុខ​,​ចុក​ដើមទ្រូង​,​ស្រវាំងភ្នែក​,​ឈឺក្បាល​។ គេ​ដាក់​ការសង្ស័យថា​អាច​បណ្តាល​ពី​ពុល​ស្រាស​។​ករណីនេះ​បានកើត​ឡើង នៅក្នុង​ភូមិ​ស្នួល​កើត​ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​យប់ ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨ ៕

*​ត្រី​ព្រួល​ឆ្នាំនេះ​សម្បូរ​ណាស់​នៅ​ខេត្តស្ទឹងត្រែង​

​ពាក្យចាស់ បាន​ពោល​ថាបើ​ទទួលទាន​ត្រី​ព្រួល​កុំ​ចោល​ស្រកា​។​ត្រី​ប្រា​កុំ​ចោល​ស្រកី ។ ស្រកី​ត្រី​ព្រួល​គឺ​ពិតជា​ឆ្ងាញ់​មែន​។ បើតាម​ការ​សួរ​ទៅ​អ្នកនេសាទ​ក៏ដូចជា​អ្នកលក់​ត្រី​នៅ​ផ្សារ​ខេត្តស្ទឹងត្រែង បានឱ្យដឹងថា​ឆ្នាំនេះ​ទឹកទន្លេ​ចាប់ផ្ដើម​ហក់​ឡើង​ឲ្យ​តែមាន​ភ្លៀង​ធ្លាក់ ផង​នោះ​ត្រី​សម្បូរ​ណាស់​ពិសេស​គឺ​ត្រី​ព្រួល​តែម្តង​។ ប៉ុន្មាន​ថ្ងៃនេះ​គេ​ឃើញ​ត្រី​ព្រួល​មាន​ដាក់លក់​ព្រាង​ព្រាត​នៅលើ ចិញ្ចើមផ្លូវ​បេតុង​ក្បែរ​រង្វង់​មូល​មាត់ទន្លេ​សេកុង​ក្រុង​ស្ទឹងត្រែង ៕

*​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ​សេដ្ឋកិច្ចកម្ពុជា​បាន​បន្ត​រីកចម្រើន​ប្រកបដោយ​ភាពជឿជាក់​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​ធនាគារជាតិ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ​បានបញ្ជាក់​នៅក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ​សេដ្ឋកិច្ចកម្ពុជា​បាន​បន្ត​រីកចម្រើន​ប្រកបដោយ​ភាពជឿជាក់​ដោយ​រក្សាបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​។ អត្រា​អតិផរណា​មាន​កម្រិត​មធ្យម​២,៦%​ហើយ​អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព​ក្នុង​រង្វង់​៤.០៣៧​រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​។ ស្ថិរភាព​នេះ​បាន​បន្ត​ពង្រឹង​ទំនុកចិត្ត​របស់​ភ្នាក់ងារ​សេដ្ឋកិច្ច​ក្នុងការ​បង្កើន​ការវិនិយោគ ការប្រើប្រាស់ និង​សកម្មភាព​ពាណិជ្ជ​កម្មនា​នា​ស្របតាម​ការកើនឡើង​នៃ​ចំណូល​ដែល​ផ​.​ស​.​ស​.​ក្នុង​មនុស្ស​ម្នាក់ៗ​រំពឹងថា​នឹង​កើនឡើង​ដល់​១.៥៦៣​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​នេះ​។ ទុនបម្រុង​អន្តរជាតិ​បាន​កើនឡើង​ស្មើនឹង​ប្រមាណ ៦​ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវា ដែលជា​កម្រិត​ខ្ពស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែលជា​ទូទៅ​មាន​កម្រិត ៣​ខែ​ប៉ុណ្ណោះ​ ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម