ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការងារ ចាប់ផ្ដើមពិភាក្សា ជាមួយនឹង ម្ចាស់រោងចក្រ ដែលបានព្យួរ ឬបិទរោងចក្រ ដើម្បីដោះស្រាយបញ្ហាអន្តរាគមន៍ ជួយដល់កម្មករ។

សម្តេចតេជោ បានថ្លែងថាៈ សភាពការណ៍ពិភពលោក មិនល្អទេ ទាំងនៅអាមេរិក ទាំងនៅអឺរ៉ុប ជាពិសេសគឺ នៅអឺរ៉ុបតែម្ដង។ ពិតមែនតែវាមិនសូវធ្ងន់ធ្ងរ ប៉ុន្តែវាបានកើត បញ្ហាធ្ងន់ណាស់ អតិផរណាទូទាំងសាកលលោក។ ធ្វើឲ្យមនុស្សដែលមានប្រាក់ចំណូល ខាតបង់យ៉ាងធ្ងន់។ អញ្ចឹងទេ ស្ថានភាពនេះ ការបញ្ជាទិញពីខាងក្រៅ មកក្នុងប្រទេស របស់យើង ក៏ធ្លាក់ចុះ ពិសេសទាក់ទងជាមួយនឹងសម្លៀ កបំពាក់ស្បែកជើង។

សម្តេច បានបន្តថាៈ សម្តេចបានទទួលរបាយការណ៍ ពីសហជីពមួយ បានសំណូមពរថា​ ឥឡូវនេះ ចំនួនរោងចក្រ ដែលព្យួរមានការកើនឡើង ធ្វើឲ្យកម្មករ កម្មការិនី សំណូមពរ ឲ្យមានការជួយអន្តរាគមន៍ ។ សម្តេចបានបញ្ជូនសារនេះ ទៅលោក អូន ព័ន្ធមុន្នីរ័ត្ន និងលោក អុិត សំហេង ពិភាក្សាគ្នា។

សម្តេច បានបន្តថាៈ យើងអាចពិភាក្សាជាមួយនឹងម្ចាស់រោងចក្រដែលត្រូវបិទ ដើម្បីដាក់ ចេញនូវ អន្តរាគមន៍បន្ទាន់។ ដោយប្រើវិធានការ ដូចដែលយើងធ្លាប់ធ្វើនៅពេលដែល រោងចក្រ ត្រូវព្យួរនៅក្នុងដំណាក់កាលកូវីដ ១៩ ហើយកម្មវិធីនេះ គួរចាប់ផ្ដើមពីខែមេសា ២០២៣ ទៅ។

សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន ១.៧២៨ នាក់ ៕/V/R