ប្រែសម្រួល:កញ្ញាដាលីស(ដេល្លីម៉េល)៖ក្រុមមេដឹកនាំមកពីប្រទេសក្រីក្របំផុតរបស់ពិភពលោកបានបញ្ចេញការខកចិត្តនិងភាពជូរចត់របស់ពួកគេនៅឯកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យទី៥មីនាជុំវិញការប្រព្រឹត្តចំពោះប្រទេសរបស់ពួកគេដោយប្រទេសអ្នកមាន។
ក្រុមមេដឹកនាំថតរួមគ្នានៅសន្និសីទអង្គការសហប្រជាជាតិលើកទីប្រាំស្រីពីប្រទេសអភិវឌ្ឍន៍តិចនៅទីក្រុងអាល់ រ៉ាយយ៉ាន់ ប្រទេសកាតាកាលពីថ្ងៃ៥មីនា
មេដឹកនាំជាច្រើនបានធ្វើការអំពាវនាវចំៗឱ្យបណ្តាប្រទេសមហាអំណាចអភិវឌ្ឍន៍រក្សាការសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារដើម្បីជួយពួកគេឱ្យរួចផុតពីភាពក្រីក្រនិងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានប្រាប់កិច្ចប្រជុំនៃប្រទេសអភិវឌ្ឍន៍តិចបំផុតរបស់អ.ស.បនៅទីក្រុងដូហាថា ប្រទេសដែលសម្បូរធនធានប៉ុន្តែក្រីក្រមួយនេះកំពុងត្រូវបាន “លួច” ដោយ “មហាអំណាចលោកខាងលិច”។
អគ្គលេខាធិការអ.ស.បលោក អង់តូនីញ៉ូ គូថេរ៉េស បានវាយប្រហារតាមគ្នាផងដែរ កាលពីមួយថ្ងៃមុននេះលើអត្រាការប្រាក់ “គួរឱ្យខ្លាច” ដែលបានដាក់ដោយធនាគារអន្តរជាតិលើរដ្ឋក្រីក្រ។
លោកបាននិយាយថា វាលែងមានស្អីត្រូវដោះសារទៀតហើយសម្រាប់ការមិនផ្តល់ជំនួយ។
ប៉ុន្តែថ្ងៃបើកការជជែកដេញដោលទូទៅនៅឯកិច្ចប្រជុំកំពូលធ្វើឡើងម្តងក្នុងមួយទសវត្សរ៍មិនបានឃើញ សេចក្តីប្រកាសធំអំពីសាច់ប្រាក់ដែលត្រូវការជាចាំបាច់នោះទេ ក្រៅពីប្រាក់ ៦០លានដុល្លារដែលម្ចាស់ផ្ទះកាតា និយាយថាខ្លួននឹងផ្តល់ឱ្យកម្មវិធីរបស់អ.ស.ប។
មេដឹកនាំនៃសេដ្ឋកិច្ចធំៗរបស់ពិភពលោកបានអវត្តមានគួរឱ្យកត់សម្គាល់ពីការជជែកដេញដោលនេះ ដែលនឹងមានរយៈពេលប្រាំថ្ងៃជុំវិញភាពចលាចលនៅក្នុងប្រទេសក្រីក្រ។
នៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)កាលពីថ្ងៃសៅរ៍ លោកគូថេរ៉េស បានអំពាវនាវរកប្រាក់ ៥០០ ពាន់លានដុល្លារដើម្បីប្រមូលសម្រាប់ការផ្លាស់ប្តូរសង្គមនិងសេដ្ឋកិច្ច។
ក្រុមមេដឹកនាំក៏បានប្រើថ្ងៃដំបូងនៃការជជែកដេញដោលជាសាធារណៈដើម្បីបន្តការទាមទារឱ្យរដ្ឋាភិបាលអភិវឌ្ឍខាងឧស្សាហកម្មប្រគល់ប្រាក់សន្យាចំនួន ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការទប់ទល់នឹងការឡើងកម្តៅផែនដីផងដែរ។
ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីមកពីទ្វីបអាហ្វ្រិកនិងតំបន់អាស៊ីប៉ាស៊ីហ្វិកបានអំពាវនាវឱ្យមានសកម្មភាពហិរញ្ញវត្ថុ។
នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក សាស៊ីណា (Sheikh Hasina)ដែលប្រទេសរបស់លោកស្រីមានប្រជាជន ១៧០ លាននាក់ គ្រោងនឹងបញ្ចប់ឋានៈជាប្រទេស LDC បាននិយាយថាប្រទេសក្រីក្រ “សមនឹងទទួលបាន” ភាពប្រាកដប្រជាលើការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍និងអាកាសធាតុ។
លោកស្រីហាស៊ីណាបាននិយាយថា “សហគមន៍អន្តរជាតិត្រូវតែបន្តការប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់ការផ្លាស់ប្តូររចនាសម្ពន្ធពិតប្រាកដនៅក្នុង LDC។ប្រជាជាតិរបស់យើងមិនបានស្នើសុំលុយសប្បុរសធម៌ទេ។ អ្វីដែលយើងស្វែងរកគឺជាការប្តេជ្ញាចិត្តជាអន្តរជាតិដ៏ត្រឹមត្រូវរបស់យើង”៕
នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក សាស៊ីណា