ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បើកការប្រកួត ជើងឯកជាតិឆ្នាំ២០២២ ជាផ្លូវការហើយ បន្ទាប់ពីពន្យារពេលរហូតដល់ទៅ ២ លើក មកនោះ។ នេះជាការប្រកួតប្រចាំឆ្នាំ ដោយប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយប្រើប្រាស់មន្ត្រីបច្ចេកទេស របស់សហព័ន្ធប្រដាល់គុនខ្មែរ។

ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ មានក្លិបប្រដាល់ គុនខ្មែរ ចំនួន ១០ ចូលរួម និងមានកីឡាករ-កីឡាការិនី ចំនួន ១១១ នាក់ រួមមាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តមណ្ឌលគីរី ខេត្តសៀមរាប និងខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននិយាយឲ្យ ដឹងថាៈ ដោយសារឆ្នាំនេះ ជាឆ្នាំស៊ីហ្គេម ហើយកម្ពុជាធ្វើជាម្ចាស់ផ្ទះទៀតនោះ ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធ នឹងកំណត់គណៈកម្មការបច្ចេកទេស តាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន ដើម្បីពង្រឹងសមត្ថភាព មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថាៈ សហព័ន្ធ ត្រូវការមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡា ប្រដាល់គុនខ្មែរ មានសមត្ថភាពច្បាស់លាស់។ ស៊ីហ្គេមលើកនេះ គុនខ្មែរ ត្រូវបានដាក់ ឲ្យប្រកួត ដោយប្រើពាក្យថា «គុនខ្មែរ» ដោយមិនប្រើពាក្យ «Muay» ដូចស៊ីហ្គេម កន្លងមកឡើយ។ ទោះបីថ្មីៗនេះ ប្រទេសថៃ បង្ហាញពីការមិនពេញចិត្ត ចំពោះប្រើពាក្យ គុនខ្មែរ ក៏ពិតមែន តែស៊ីហ្គេមលើកទី៣២ គឺប្រដាល់គុនខ្មែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានព្រមាន
ថាៈ ថៃមានសិទ្ធមិនបញ្ជូនអ្នកប្រដាល់របស់ខ្លួន មកចូលរួមប្រកួតគុនខ្មែរ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នេះ តែឆ្នាំ២០២៥ ដែលថៃ ធ្វើជាម្ចាស់ផ្ទះបន្តវេនពីកម្ពុជា សម្រាប់ស៊ីហ្គេម លើកទី៣៣ នោះ កម្ពុជា ក៏មានសិទ្ធមិនបញ្ជូនកីឡាករ ទៅចូលរួមប្រកួត Muay-Thai ដែរ។

ជាមួយគ្នានេះ ប្រមុខដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈ ប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលជាមិត្តជិតខាងរបស់កម្ពុជា និងថៃ ក៏មានក្បាច់គុន តំណាងឱ្យជាតិ សាសន៍ដូចគ្នា ហេតុនេះ ជាយោបល់សម្តេច បានស្នើឱ្យប្រទេសទាំង៤ នេះ គួរចុះបញ្ជី ក្បាច់គុននេះ រួមគ្នាទៅអង្គការយូណេស្កូ (UNESCO) និងទៅក្នុងក្របខ័ណ្ឌ អូឡាំពិកអន្តរជាតិ ដើម្បីក្លាយជាសម្បត្តិរួម ហើយអាចបញ្ចប់នូវ ការដណ្តើមគ្នា ធ្វើជាកម្មសិទ្ធិ ទៅលើផ្នែកសម្បត្តិវប្បធម៌នេះ។

ការលើកឡើងបែបនេះរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានធ្វើឡើង ក្នុងពេលសម្តេច បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គី ជាមួយសិល្បករ សិល្បការិនី ប្រមាណជាង ៤០០០ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២ ខែមីនាកន្លងមកនេះ។
រឿងនេះ ជារឿងដែលមិនគួរចិញ្ចឹមទំនាស់ ដែលអូសបន្លាយមិនចេះចប់ មិនចេះហើយ ដូចសព្វថ្ងៃនេះ មានរឿងរ៉ាវកើតឡើង លើបញ្ហាប្រដាល់ ដែលខ្មែរយើងថា គុនខ្មែរ ថៃហៅថា Muay Thai ចំណែកឡាវ ក៏មានផ្សេង រីឯ មីយ៉ាន់ម៉ា ក៏មានផ្សេង។ យើងច្បាស់ជាដឹងថា នៅតាមប្រាង្គប្រាសាទរបស់យើង មាននូវក្បាច់គុននេះ ពិតប្រាកដ ក៏ប៉ុន្តែចំណុចនេះ តើយើងអាចធ្វើការសន្ទនាជាមួយ បណ្តាប្រទេសពាក់ព័ន្ធ បានទេ?៕ V / N