​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖​រុស្ស៊ី​បាន​ព្រមាន​ថា ចំណាត់ការ​របស់​អាម៉េរិក​នឹង​គ្រាន់តែ​ជា​ការបន្ថែម​ប្រេង​លើ​ជម្លោះ នៅពេល​រូបភាព​ស្តី​ពី​រដ្ឋាភិបា​ល​ទីក្រុង​វ៉ាស៊ីនតោន​បន្ត​ផ្តល់​ជំនួយ​យោធា​ដល់​រដ្ឋា​ភិ​​បាល​ទីក្រុង​គៀវ​ត្រូវបាន​ផ្សព្វផ្សាយ ខណៈ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​នៅ​បន្ត​។​

​វីដេអូ​មួយ​ដែល​បង្ហាញ​គ្រឿង​បរិក្ខា​យោធា​អាម៉េរិក​សន្ធឹកសន្ធាប់​នៅ​កំពង់ផែ​ហ្គី​ឌី​ញ៉ា​(Gdynia)​របស់​ប៉ូឡូញ​ត្រូវ​បាន​ចែករំលែក​ក្នុង​បណ្តាញ​សង្គម​ទ្វី​ត​ធឺ ដោយ​បង្ហាញ​រថក្រោះ រថពាសដែក​និង​យានយន្ត​​យោធា​ជា​ជួរ​នៅ​កំពង់ផែ​។​

​សារព័ត៌មាន​ឡា​ត​វី​មួយ​បាន​រាយការណ៍​ថា «​គ្រឿង​បរិក្ខា​យោធា​របស់​កងពល​រថ​ក្រោះ​រថពាសដែក​ទី​បី​អាម៉េរិក​»​បាន​ទៅ​ដល់​កំពង់ផែ​ហ្គី​ឌី​ញ៉ា ក្នុងប្រទេស​ប៉ូឡូញ​ដើម្បី​«​ត្រៀម​បញ្ជូន​និង​ដាក់ពង្រាយ​​នៅ​អាម៉េរិក​ឡើងវិញ​ក្រោយ​ពួកវា​ចូលរួម​ក្នុង​សមយុទ្ធ Operation Atlantic Resolve»​កាលពី​ថ្ងៃ​២២​កុម្ភៈ ឆ្នាំ​២០២៣​។​

​ប្រតិបត្តិការ​ដែល​ត្រូវបាន​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០១៤ មានបំណង​ពង្រឹង​វត្តមាន​យោធា​អាម៉េរិក​នៅ​អឺរ៉ុប ។​ជា​ផ្នែក​នៃ​បេសកកម្ម​នេះ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០២២ យានយន្ត​ប្រយុទ្ធ​ប្រមាណ​៧០០​គ្រឿង​ត្រូវ​​បាន​បញ្ជូន​មក​កាន់​ប៉ូឡូញ រួម​មាន​កងរថក្រោះ​ប្រយុទ្ធ​Abrams​ផងដែរ​។​

​មាន​ការសង្ស័យថា គ្រឿង​បរិក្ខា​យោធា​ទាំងនេះ​ខ្លះ​អាច​នឹង​ត្រូវ​បញ្ជូន​ចូល​អ៊ុ​យក្រែន នៅ​ពេល​ទាំង​សេត​វិមាន​និង​ក្រសួង​ការពារជាតិ​អាម៉េរិក​មិនបាន​និយាយ​អំពី​រឿងនេះ​។​

​ការបង្ហាញ​គ្រឿង​សម្ភារ​សឹក​ច្រើន​សន្ធឹកសន្ធាប់​នេះ​កើត​ឡើង​នៅ​ពេល​អាម៉េរិក​បាន​ជួយ​ជំនួយ​សន្តិសុខ​និង​យោធា​ដល់​អ៊ុយ​ក្រែន​ជាង​១០០​ពាន់​លាន​ដុល្លារ​រួច​ហើយ​ចាប់តាំងពី​ពេល​ចាប់ផ្តើម​ជម្លោះ​​នៅ​អ៊ុ​យក្រែន​។​កាលពី​ខែ​មករា អាម៉េរិក​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​រថក្រោះ​Abrams​ចំនួន​៣១​គ្រឿង​និង​រថក្រោះ​ស្ទូច​ធុន​M88 ចំនួន​ប្រាំបី​គ្រឿង​ទៅ​អោយ​អ៊ុ​យក្រែន​។​

​ប៉ូឡូញ​និង​អាល្លឺម៉ង់ ក៏​បាន​សន្យា​ផ្តល់​រថក្រោះ​ប្រយុទ្ធ​Leopard 2​ដល់​អ៊ុយ​ក្រែន​ផងដែរ​។​

​សូមបញ្ជាក់​ថា អាម៉េរិក​និង​សម្ពន្ធមិត្ត​បាន​ផ្តល់អោយ​អ៊ុយ​ក្រែន​នូវ​សព្វាវុធ​ជាច្រើន​ប្រភេទ រួមមាន​កាំជ្រួច​ការពារ​ដែនអាកាស ប្រព័ន្ធ​រ៉ុក្កែត រថក្រោះ កាំភ្លើង​ធំ​និង​កាំភ្លើង​ប្រឆាំង​យន្តហោះ​។​រដ្ឋាភិបាល​​ទីក្រុង​មូ​ស្គូ បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ថា លោកខាងលិច​កំពុង​ជួយ​អូសបន្លាយ​ពេល​ជម្លោះ​នៅ​អ៊ុយ​ក្រែន​តាមរយៈ​ការបន្ត​បញ្ជូ​ន​គ្រឿង​សព្វាវុធ​ចូល​អ៊ុ​យក្រែន​។​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ក៏បាន​និយាយ​​ថា បណ្តា​ប្រទេស​លោកខាងលិច​កំពុង​ចូល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ជម្លោះ​អ៊ុ​យក្រែន​៕