​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តួអង្គ​ឧស្សាហកម្ម​នានា​បាន​និយាយថា ចិន​គ្រោង​នឹង​ជះ​លុយ​ដើម្បី​ជួយ​វិស័យ​បន្ទះ​ឈីប​របស់​ខ្លួន​យក​ឈ្នះ​លើ​ការ​ទប់ស្កាត់​ការនាំចេញ​របស់​សហរដ្ឋអាម៉េរិក ប៉ុន្តែ​ប្រាក់​អាចធ្វើ​បាន​ច្រើន លុះត្រាតែ​ក្រុមហ៊ុន​ចិន​អាច​បំបែក​ចេញពី​វដ្ត​ដែល​រារាំង​ការច្នៃប្រឌិត និង​អន្ទាក់​នៅ​ចុងបញ្ចប់​នៃ​ខ្សែសង្វាក់​តម្លៃ​ទាប​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​រាយការណ៍​កា​លពី​ខែធ្នូ​ថា រដ្ឋាភិបាល​បាន​លៃលក​ថវិកា​ចំនួន ១៤០ ពាន់​លាន​ដុល្លារ​ដែល​អាច​រាប់​បញ្ចូល​ទាំង​ការឧបត្ថម្ភ​ធន​លើ​ការទិញ​ឧបករណ៍​ផលិត​បន្ទះ​ឈីប​​ផលិត​ក្នុងស្រុក ដែល​ទំនងជា​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​ផលិត​ដូចជា​ក្រុមហ៊ុន​ឯកទេស​ផ្នែក​ឧបករណ៍​អេឡិចត្រូនិក​តែមួយគត់​របស់​ចិន គឺ ក្រុមហ៊ុន Shanghai Micro Electronics Equipment Group (SMEE) ជាដើម​។​

​ការចំណាយ​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សហរដ្ឋ​អាម៉េរិក​ដែល​កាន់តែ​រឹតបន្តឹង​ការនាំចេញ​បច្ចេកវិជ្ជា​ផលិត​បន្ទះ​ឈី​បដោយ​បារម្ភ​ថា​វា​អាច​ត្រូវបាន​ប្រើ​ដើម្បី​ផលិត​បន្ទះ​ឈីប​សម្រាប់​កម្មវិធី​ដូច​​ជា​បញ្ញា​សិប្បនិម្មិត (AI)​ដែល​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​យោធា​របស់​ចិន​។​

​ប៉ុន្តែ​លុយ​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ដើម្បី​តាម​ទាន់​គូប្រជែង​លោកខាងលិច ដែល​ដើរ​មុន​ជា​ច្រើន​ជំនាន់​នោះ​ទេ​។ និយោជិត​ខាង​ឧស្សាហកម្ម​និង​អ្នកឃ្លាំមើល​ទីផ្សារ​បាន​និយាយ​ថា​សហគ្រាស​ធុន​តូច​​និង​មធ្យម​ក្នុងស្រុក ភាគច្រើន​លក់​ទៅឱ្យ​រោងចក្រ​ផលិត​បន្ទះ​ឈីប​ក្នុងស្រុក ហើយ​កង្វះ​នៃ​ការជួប​ផ្ទាល់​នឹង​កន្លែង​ផលិត​បន្ទះ​ឈីប​ទំនើបៗ​ដូចជា​ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) និង​ក្រុមហ៊ុន Samsung Electronics Co Ltd របស់​កូរ៉េ​ខាងត្បូង បាន​ធ្វើឱ្យ​ពួកគេ​ពិបាក​ដោះស្រាយ​បញ្ហា​វិស្វកម្ម​ដោយ​ឯករាជ្យ និង​បង្កើន​​តម្លៃ​ខ្សែសង្វាក់​។​

​លោក ម៉ាក លី (Mark Li) ដែល​តាមដាន​វិស័យ​បន្ទះ​ឈីប​របស់​ចិន​នៅ​ក្រុមហ៊ុន Bernstein Research បាន​និយាយថា​”​នេះ​រារាំង​រាល់​ភាពជឿនលឿន​ដែល​ពួក​គេ​បង្កើត​នៅក្នុង​ការ​ស្រាវ​​ជ្រាវ​និង​អភិវឌ្ឍន៍ (R&D) ពី​ការ​ចូល​ទៅក្នុង​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ ហើយ​ថែមទាំង​រឹតត្បិត​ពួកគេ​ពី​ការរៀន​ពី​ល្បិច​បន្ថែម នៃ​ការធ្វើ​ពាណិជ្ជកម្ម​”​។​

​ដូច​នៅ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ដែរ ក្រុមហ៊ុន​ផលិត​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​អតិថិជន ដោយ​ផ្តល់​ជូន​នូវ​សេវាកម្ម​រយៈពេល​វែង​រួម​ទាំង​ការដំឡើង ការ​ក្រិត​តាម​ខ្នាត ការថែទាំ និង​ការជួសជុល​ម៉ាស៊ីន ដែល​អាច​ចំណាយ​អស់​ជាង ១០០ លាន​ដុល្លារ​ក្នុង​មួយគ្រឿង​។​

​កិច្ចសហការ​នេះ​អាច​នាំឱ្យ​មាន​ការចែករំលែក​ចំណេះដឹង​យ៉ាងច្រើន ដែល​ជួយ​ភាគី​ទាំងពីរ​ឱ្យ​រីកចម្រើន​ខាង​បច្ចេកវិជ្ជា​៕