​ដោយៈ​សុផល/​ភ្នំពេញ​៖​ថ្នាក់ដឹកនាំ និង​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា គ្រប់លំដាប់​ថ្នាក់ នៅ​ការិយាល័យ​កណ្តាល និង​សាខា​ជុំវិញ​រាជធានី​ភ្នំពេញ ប្រមាណ​ជាង​៦០០​នាក់​បានចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​។​ការបរិច្ចាគ​ឈាម​នេះ បាន​ត្រូវធ្វើឡើង​នា​ថ្ងៃទី​៦​ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​កណ្តាល​ធនាគា​រ​អេស៊ីលីដា ភីអិលស៊ី​។​

​លោក លី ថៃ អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច នៃ​ធនាគារ​អេស៊ីលីដា បាន​ថ្លែងថា​៖​ធនាគារ អេស៊ីលីដា​ការបរិច្ចាគ​ឈាម​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ដើម្បី​ព្យាបាល​ជំងឺ​។ ម្យ៉ាងវិញទៀត​ការចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម​ដ៏​មាន​សារៈសំខាន់​មួយ​នេះ កម្មករនិយោជិត ធនាគារ អេស៊ីលីដា បាន​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ចំនួន ០៥​ដង រួចមកហើយ កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១២ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ និង ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​។

លោក​បាន​បន្តថា​៖​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បានធូរស្រាល ដូច្នេះ​នៅថ្ងៃនេះជា​លើក​ទី​០៦​ហើយ​ដែល​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា គ្រប់លំដាប់​ថ្នាក់ នៅ​ការិយាល័យ​កណ្តាល និង​សាខា​ជុំវិញ​រាជធានី​ភ្នំពេញ សរុប​ចំនួន ២៣១​នាក់ ដោយ​ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៧៧​នាក់ បាន​បន្ត​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​សង្គម និង​មនុស្សធម៌ សម្រាប់​បំពេញ តម្រូវការ​កង្វះ​ឈាម​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាមសម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះនិង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ជាពិសេស​សម្រាប់​ជួយ​ជីវិត​មនុស្ស​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់​។ដោយឡែកសម្រាប់​កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាម​បណ្តា​សាខា​ខេត្ត សរុប​ចំនួន ៣៧២​នាក់ ក្នុងនោះ ស្ត្រី​មាន​ចំនួន ១០៦​នាក់ ក៏បាន​ចូលរួម​បរិច្ចាគ​ឈាម​នៅតាម​មន្ទីរពេទ្យ បង្អែក​នៃ​ខេត្ត​នីមួយៗ​ផងដែរ​។​

​លោកស្រី​វេជ្ជបណ្ឌិត មើ​ក សា​មាន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​មានប្រសាសន៍ថា សកម្មភាព​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​របស់​ក្រសួង ស្ថាប័ន ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ បានចាប់ផ្តើម​ផុលផុស​បណ្តើរៗ ឡើងវិញ​ហើយ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​រួចមក​។ សព្វថ្ងៃនេះ​យើង​មិនទាន់មាន​ឈាម​ដែលមាន​ប្រភពពី​អ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​ជីវិត​មនុស្ស ដែល​ត្រូវការ​ឈាម​បន្ទាន់​នៅឡើយ​ទេ​។ ក្នុង​មួយថ្ងៃ​គ្រាន់តែ​នៅ​រាជធានី​ភ្នំពេញ ត្រូវការ​ឈាម​ប្រមាណ ១៥០​ប្លោក សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ និង​អ្នកជំងឺ ហើយ​នៅ​ទូទាំងប្រទេស​ត្រូវការ​ឈាម​ប្រមាណ ២០០​ប្លោក ជា​រៀងរាល់ថ្ងៃ ដូចនេះ យើង​ត្រូវការ​ឈាម​បន្ថែម ទៀត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​បន្ទាន់​។​

​លោកស្រី​វេជ្ជបណ្ឌិត បាន​ជំរុញ និង​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ជាពិសេស​ក្រុមយុវជន មេត្តា​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​យកទៅជួយ​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ហើយ​សកម្មភាព​ទាំងនេះ ពិតជា​បាន​ចូលរួមចំណែក យ៉ាងខ្លាំង លើ​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។ លោកស្រី​វេជ្ជបណ្ឌិត​បាន​ថ្លែង​បញ្ជាក់ថា បើសិនជា​គ្មាន ការចូលរួមចំណែក ពី​សប្បុរសជន​ស្ម័គ្រចិត្ត​ទាំងឡាយ​នោះទេ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​មន្ទីរពេទ្យ ទាំងអស់ ព្រមទាំង​គ្រួសារ​អ្នកជំងឺ ពិតជា​មាន ការ​លំបាក​ដោយសារ​ឈាមមាន​ប្រភពពី​ក្នុងចំណោម​ប្រជាជន យើង ដូច្នេះ ការចូលរួមរ​បស់បង​ប្អូន​ពិតជា​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ណាស់​។

លោកស្រី​វេជ្ជបណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ និង​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់​ថ្នាក់​ដែល​បាន​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​នោះ​៕Ph