​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ នាយករដ្ឋមន្ត្រី​ចិន លោក លី ឃឹ​ឈៀង បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មីនា​ថា ចិន​នឹង​ធ្វើ​កំណែទម្រង់​ហិរញ្ញវត្ថុ​ស៊ីជម្រៅ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​របប​បទ​ប្បញ្ញត្តិរ​បស់​ខ្លួន​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច និង​បើកចំហ​បន្ថែមទៀត​ចំពោះ​ការវិនិយោគ​បរទេស​។​

​នាយករដ្ឋមន្ត្រី​ដែល​ត្រៀម​ចាកចេញ​ពី​តំណែង​រូបនេះ បាន​និយាយ​នៅក្នុង​របាយការណ៍​ការ​ងារ​របស់គាត់​ក្នុង​ការបើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​ចិន​ថា រដ្ឋាភិបាល​នឹង​ទប់ស្កាត់​ហានិភ័យ​សម្រាប់​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មាន​គុណភាព​ខ្ពស់​និង​កាត់បន្ថយ​បន្ទុក​នៃ​ការបង់ការ​ប្រាក់​សម្រាប់​រដ្ឋាភិបាល​ក្នុង​តំបន់​។​

​លោក​បាន​និយាយថា “​យើង​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ធ្វើអោយ​ប្រសើរឡើង​នូវ​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ និង​ត្រួតពិនិត្យ​មើល​អ្នកពាក់ព័ន្ធ​ទាំងអស់​អោយ​មាន​ទំនួល​ខុស​ត្រូវ​ពេញលេញ​ដើម្បី​ការពារ​ប្រឆាំង​នឹង​ហានិភ័យ​ហិរញ្ញវត្ថុ​ក្នុង​តំបន់​និង​ជា​ប្រព័ន្ធ​”​។​

​ចិន​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ហានិ​ភ័យ​ហិរញ្ញវត្ថុ ខណៈ​សេដ្ឋកិច្ច​បាន​កើនឡើង​ត្រឹមតែ​៣ ភាគរយ​កាលពី​ឆ្នាំមុន ដែល​ជា​ប្រតិបត្តិការ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ​។ សេដ្ឋកិច្ច​ត្រូវបាន​បង្អាក់​ដោយ​ការ​រឹតបន្តឹង​រយៈពេល​បី​ឆ្នាំ​នៃ​កូវី​ដ វិបត្តិ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ខ្លួន ការបង្ក្រាប​លើ​សហគ្រាស​ឯកជន និង​ការធ្លាក់ចុះ​នៃ​តម្រូវការ​សម្រាប់​ការនាំចេញ​របស់​ចិន​។​

​នាយករដ្ឋមន្ត្រី​ក៏​បាន​សង្កត់ធ្ងន់​ផងដែរ​ទៅលើ​កំណែទម្រង់​ស្ថាប័ន​បើ​ធៀប​នឹង​ឆ្នាំមុន​។ រឿង​នេះ​កើតឡើង​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ថា លោក​ប្រធានាធិបតី ស៊ី ជីន​ភីង គ្រោង​រៀបចំ​ឡើង​វិញ​យ៉ាង​ខ្លាំងក្លា​នូវ​សហគ្រាស​រដ្ឋ​(SOEs) និង​អង្គភាព​របស់​បក្ស​កុម្មុយនីស្ត​។​

​មនុស្ស​ពីរ​នាក់​ដែល​ដឹង​បញ្ហា​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា លោក​ស៊ី ដែល​បាន​ទទួល​អាណត្តិ​ដឹកនាំ​លើក​ទី​៣ មិន​ធ្លាប់​មាន​ពីមុន​មក​ក្នុង​ខែតុលា គ្រោង​នឹង​ស្តារឡើងវិញ​នូវ​គណៈកម្មការ​កិច្ចការ​ហិរញ្ញវត្ថុ​កណ្តាល​។ នោះ​សបញ្ជាក់​អំពី​ការជំរុញ​របស់​លោក​ស៊ី​ក្នុង​ការបង្កើន​ការត្រួតពិនិត្យ​លើ​វិស័យ​ហិរញ្ញវត្ថុ​៕

​លោក​លី​ឡើង​ថ្លែង​របាយការណ៍​របស់​រដ្ឋាភិបាល​ជូន​សម័យប្រជុំ​សភាកា​លពី​ថ្ងៃអាទិត្យ