ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សម្នាក់បានស្លាប់និងប្រាំមួយនាក់ទៀតកំពុងបាត់ខ្លួន នេះបើតាមការប្រកាសរបស់កងឆ្មាំសមុទ្រជប៉ុនកាលពីថ្ងៃចន្ទ បន្ទាប់ពីទូកមួយក្រឡាប់លិចនៅឯនាយប្រជុំកូនកោះសេនកាគុដែលជប៉ុនកាន់កាប់ តែក៏អះអាជាកម្មសិទ្ធិដោយចិនផងដែរ។
វាមិនច្បាស់ថាតើទូកនេះបានក្រឡាប់លិចនៅទីណានៅពេលដំបូងតែកាលពីថ្ងៃអាទិត្យទូកល្បាតជប៉ុនមួយបានសង្កេតឃើញវារសាត់អណ្តែតនៅក្នុងដែនទឹកនៅខាងជើងប្រជុំកោះសេនកាគុ ដែលចិនហៅ ទាវយុ។
អ្នកនាំពាក្យកងឆ្មាំសមុទ្រជប៉ុនបាននិយាយថា អ្នកនៅក្នុងទូកកើតហេតុជាចិនតៃវ៉ាន់ម្នាក់និងឥណ្ឌូនេស៊ីប្រាំមួយនាក់។
អ្នកនាំពាក្យបានបន្ថែមថា «នៅម៉ោងប្រមាណ៩និង១៥នាទីព្រឹកថ្ងៃចន្ទ សាកសពមនុស្សម្នាក់ត្រូវបានប្រទះឃើញនៅក្នុងឃ្លប់ទូកហើយកាតសំគាល់ខ្លួនបង្ហាញថា ជាជនជាតិឥណ្ឌូនេស៊ី»។
កងឆ្មាំសមុទ្រកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ដោយប្រើនាវាល្បាតជាច្រើនគ្រឿងព្រមទាំងឧទ្ធម្ភាគចក្រ ចាប់តាំងពីបានទទួលព័ត៌មានអំពីការលិចទូកកាលពីរសៀលថ្ងៃអាទិត្យមក។
មន្ត្រីជប៉ុនក៏បាននិយាយថា អាជ្ញាធរជប៉ុនកំពុងសហការជាមួយសមភាគីតៃវ៉ាន់ក្នុងប្រតិបត្តិការស្វែងរកនេះ។
ក្រសួងកិច្ចការបរទេសតៃវ៉ាន់បានអះអាងថា ទូកដែលលិចជាទូកនេសាទចុះបញ្ជីតៃវ៉ាន់ និងសង្ស័យថាបានលិចនៅក្បែរកូនកោះមួយក្នុងចំណោមប្រជុំកូនកោះទាវយុ។
សូមបញ្ជាក់ថា មិនត្រឹមតែជប៉ុននិងចិនប៉េកាំងទេដែលអះអាងកម្មសិទ្ធិលើប្រជុំកូនកោះនេះ តៃវ៉ាន់ក៏អះអាងថាជារបស់ខ្លួនផងដែរ៕
ទូកនេសាទតៃវ៉ាន់លិចក្នុងដែលទឹកប្រជែងគ្នានៅប្រជុំកោះសេនកាគុ កាលពីថ្ងៃអាទិត្យ