ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាវូស៊ូ មានប្រភពកំណើត នៅប្រទេសចិន ដែលវាជាប្រភេទកីឡាមួយ ដែលមានដើមកំណើត នៅប្រទេសចិន ហើយមូលដ្ឋានគ្រឹះ សំខាន់ នៃក្បាច់គុននេះ គឺហ្វឹកហាត់ ដើម្បីទទួលបានសុខភាពល្អ ស្មារតីភ្លឺថ្លា និងរាងកាយមាំមួន ប៉ុន្តែក្រោយមក កីឡានេះ បានវិវឌ្ឍខ្លួន ក្លាយទៅជាកីឡាប្រកួត និងត្រូវបានដាក់បញ្ចូលលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី១៦ ឆ្នាំ១៩៩១ នៅប្រទេសហ្វីលីពីន។

ម្ចាស់មេដាយសំរឹទ្ធ លើប្រភេទកីឡាវូស៊ូ កាលពីស៊ីហ្គេម លើកទី៣១ គឺកីឡាករ មុំ សាមិត្រប្រាំពីរកែវ រំពឹងថា ការទទួលបានការហ្វឹកហាត់ ជាមួយម្ចាស់ក្បាច់គុនផ្ទាល់ នៅប្រទេសចិន នឹងធ្វើឱ្យរូបគេ ទទួលបានការរីកចម្រើន រួមទាំងបទពិសោធន៍ថ្មីៗ ដើម្បីត្រៀមខ្លួនប្រជែង មេដាយលើកនេះបន្ថែមទៀត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់។

កីឡាករ មុំសាមិត្រប្រាំពីរកែវ ដែលលេងវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៦ គីឡូក្រាម រូបគេបាន ហ្វឹកហាត់យ៉ាងខ្លាំង ក្រោមការដឹកនាំពីគ្រូបង្វឹកចិនផ្ទាល់ បើទោះបីជាមានផលលំបាក ខ្លះៗ ពេលដំបូងក៏ដោយ។

គេបាននិយាយថាៈ វាពិតជាមានផលវិបាកតិចតួច សម្រាប់រូបគេ នៅពេលដំបូង ប៉ុន្តែ ទោះវាមានផលលំបាក សម្រាប់រូបគេ ក៏ដោយ ក៏គេបានព្យាយាមប្រឹងប្រែងហ្វឹកហាត់ ដើម្បីដកយកបទពិសោធន៍ពីថ្មីៗ និងបច្ចេកទេសថ្មីបន្តទៀត ពីលោកគ្រូ អ្នកគ្រូចិន និងកីឡាករចិន ដើម្បីការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ កត្តាសំខាន់ដែលកីឡាកររូបនេះ ពេញចិត្តបំផុតក្នុងការ ហ្វឹកហាត់នៅប្រទេសចិននោះ គឺការដកស្រង់យកបទពិសោធន៍ ថ្មីៗ ពីគ្រូបង្វឹកចិន ក៏ដូចជាកីឡាករចិនផ្ទាល់ដែរ ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាម្ចាស់ក្បាច់គុន។

មុំ សាមិត្រប្រាំពីរកែវ បានចាប់ផ្តើមលេងកីឡាវូស៊ូ នៅឆ្នាំ២០១០ ដោយចាប់ផ្តើមហ្វឹក ហាត់ ដើម្បីតែសុខភាពល្អប៉ុណ្ណោះ រហូតដល់ឈានទៅជាប់ជម្រើសជាតិ នៅឆ្នាំ២០១៧ ហើយ ២ ឆ្នាំក្រោយមក គឺនៅឆ្នាំ២០១៩ ប្រាំពីរកែវ បានចេញទៅប្រកួត នៅឆាកអន្តរជាតិលើកដំបូង ក្នុងព្រឹត្តិការណ៍ The 15th World Wushu Championship នៅទីក្រុងសៀងហៃ ប្រទេសចិន តែពុំទទួលបានលទ្ធផលល្អ ឡើយ។

ក្រោយពីមិនបានលទ្ធផលល្អនោះ នៅឆ្នាំជាមួយគ្នានោះ មុំសាមិត្រប្រាំពីរកែវ បានចូល រួមប្រកួតក្នុងកម្មវិធី The 5th China-ASEAN Wushu Festival នៅទីក្រុងក្វាងស៊ី ប្រទេសចិន ហើយនៅឆ្នាំ២០២២ ក្នុងការបង្ហាញខ្លួនលើកដំបូង នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាប្រទេសវៀតណាម រូបគេ ទទួលបាន មេដាយសំរឹទ្ធ៕/V/R