ដោយៈ បាយ័ន / សៀមរាបៈ ក្រុមការងារអភិរក្សថ្ម របស់អាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុល ចម្លាក់បង្កាន់ដៃនាគ ដែលសាងឡើងពីថ្មភក់ ចំនួន២ ប្រវែង ៥០ ម៉ែត្រ នៅផ្នែកខាងជើងស្ពានហាល មុខប្រាសាទអង្គរវត្ត ដោយរៀបចំដាក់ទីតាំង ដើមឡើងវិញ ឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខាងមុខ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនា។ អាជ្ញាធរជាតិអប្សរាបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៦ ខែមីនា នេះ។

បើតាមការបញ្ជាក់របស់លោក អន សុភាព អ្នកទទួលខុសត្រូវការដ្ឋានជួសជុល បានឱ្យ ដឹងថាៈ ចម្លាក់បង្កាន់ដៃនាគទាំង ២នេះ ស្ថិតក្នុងគម្រោងជួសជុលស្ពានហាលអង្គរវត្ត ហើយត្រូវបានរើចេញ ជាបណ្តោះអាសន្ន នាពេលកន្លងមក។ បច្ចុប្បន្ន ដោយសារ គម្រោងជួសជុលស្ពានហាល អង្គរវត្ត ត្រូវបញ្ចប់រួចរាល់ ក្រុមការងារត្រូវយកចម្លាក់បង្កាន់ ដៃនាគ ទាំងនោះ មកធ្វើការជួសជុលពង្រឹង និងដំឡើងនៅកន្លែងដើមឡើងវិញ។

គួរបញ្ជាក់ថា បង្កាន់ដៃនាគទាំងនេះ ធ្លាប់ត្រូវបានជួសជុលម្តងហើយ នៅសម័យបារាំង នៅឆ្នាំ១៩៤៩ ដោយប្រើជើងទម្រចាស់ខ្លះនិងធ្វើជើងទម្រថ្មីខ្លះៗ មកដំឡើងឡើងវិញ /V-PC