ដោយៈ បាយ័ន / សៀមរាបៈ ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងជួសជុលឡើងវិញ កម្រាលថ្មភក់ នៅជ្រុងនិរតី នៃជាន់លើបង្អស់ នៃប្រាសាទប្រែរូប ដែលរងការខួចខាត។
ប្រភពពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែមីនានេះ បានបញ្ជាក់ថាៈ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេស នឹងរើកម្រាលថ្មភក់ ដែលរំកិលញែកចេញពីទីតាំងដើម ទាំងនោះ ដើម្បីសម្អាតនិងពង្រឹងស្រទាប់ថ្មបាយក្រៀម ផ្នែកខាងក្រោម និងរៀបផ្គុំកម្រាលថ្មភក់ ទៅតាមទីតាំងដើមវិញ ព្រមទាំងបិទបាយអ តាមចន្លោះប្រហោងការពារជម្រាបទឹក ផងដែរ ។
ប្រភពពីអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ទៀតថាៈ នេះគឺជាផ្នែកមួយ នៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បានអនុវត្តន៍ជាប្រចាំ ក្នុងគោលគំនិត ដើម្បីថែរក្សាលើកតម្លៃ ប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាព ដល់ភ្ញៀវទេសចរផង។
សូមបញ្ជាក់ថា ប្រាសាទប្រែរូប ត្រូវបានកសាងឡើង នាចុងសតវត្សរ៍ទី១០ ក្នុង គ.ស.៩៦១ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម «សិវលោក» ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕/V/R