ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ: ស្របពេលដែលប្រជាជននៅលើពិភពលោករងការបាត់បង់ការស្តាប់ឮប្រមាណ១,៥ពាន់លាននាក់កាលពីថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២៣ កម្ពុជាបានរៀបចំទិវាការស្តាប់ឭកម្ពុជា លើកទី៦ ដោយមានការចូលរួមពីលោកស្រី ជា សិរីសហស្ថាបនិកមូលនិធិរក្សាកុមារ និង អ្នកដែលពាក់ព័ន្ធជាច្រើន ។
លោកស្រី ជា សិរី បានលើកឡើងថា ក្រោយពីខកខានមិនបានរៀបចំទិវានេះអស់រយៈពេល ២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ–១៩ ទិវាការស្តាប់ឮកម្ពុជាចុងក្រោយបង្អស់ នៅឆ្នាំ២០២០ បានប្រារព្ធឡើងក្រោមប្រធានបទសូមកុំឱ្យភាពថ្លង់ កំនត់ព្រំដែនលោកអ្នក, ការស្តាប់ឮដើម្បីជីវិតដែលមានគោលបំណងផ្សព្វផ្សាយការយល់ដឹង និងលើកកម្ពស់ ការថែទាំត្រចៀក និងការស្តាប់ឮព្រមទាំងការយល់ដឹងពីបញ្ហាប្រឈម និងផលវិបាកនៃការបាត់បង់ការស្ដាប់ឮ ដែលនឹងជះឥទ្ធិពលអវិជ្ជមានលើសុខភាពផ្លូវកាយផ្លូវចិត្ត ការអប់រំ និងឱកាសការងារសម្រាប់មនុស្សគ្រប់វ័យ នៅប្រទេសកម្ពុជា។
លោកស្រី លើកឡើងថា យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ប្រជាជនច្រើនជាង ១,៥ ពាន់លាននាក់ ទទួលរងការបាត់បង់ការស្ដាប់ឮ ក្នុងចំណោមនោះ មាន ១នាក់ ក្នុងចំណោម ៣នាក់ ត្រូវការការថែទាំការស្តាប់ឮហើយចំនួន ៨០ ភាគរយរស់នៅបណ្តាប្រទេសមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យម។
លោកស្រីសង្កត់ធ្ងន់ថា«នៅថ្ងៃនេះ បើយោងតាមទិន្នន័យអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានប្រជាជនចំនួន៤០១លាននាក់ ដែលរស់នៅក្នុងតំបន់ បានបាត់បង់ការស្ដាប់ឮ ហើយនៅត្រឹមឆ្នាំ២០៥០ នឹងមានប្រជាជន ចំនួន ៦៦៦ លាននាក់ប្រឈមនឹងការបាត់បង់ការស្តាប់ឮ ក្នុងចំណោមនោះ ជនមានពិការភាពបាត់បង់ការស្ដាប់ឮ ជិត ៨០ភាគរយ រស់នៅតាមបណ្តាប្រទេសមានប្រាក់ចំនូលទាប និងប្រាក់ចំណូលមធ្យមហើយភាគច្រើនបំផុត មិនបានទទួលសេវាកម្មពិនិត្យ និងព្យាបាល ឡើយ»។
បើតាមទិន្នន័យនៃអង្គការសុខភាពពិភពលោក បានបង្ហាញថាការបាត់បង់ការស្តាប់ឮកាន់តែកើនឡើងនៅក្នុងប្រទេសកម្ពុជា ដូចនេះកម្ពុជាត្រូវតែធ្វើសកម្មភាព ឥឡូវនេះ ដើម្បីផ្ដល់ការទទួលបានសេវាថែទាំត្រចៀក និងការស្ដាប់ឮ
សម្រាប់ទាំងអស់គ្នា ព្រមទាំង មានសកម្មភាពលើការថែទាំសមស្របជាទៀងទាត់ ដើម្បីធានាថា អ្នកជម្ងឺត្រចៀក និងជនមានពិការភាពបាត់បង់ការស្ដាប់ឮ អាចសម្រេចបាននូវសក្តានុពលរបស់ខ្លួនបានពេញលេញ។
លោកស្រី ឃឹម ឆលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍ថា ការបាត់បង់ការស្ដាប់ឮ អាចវិវត្តទៅជាធ្ងន់ធ្ងរបាន និងនៅពេលបាត់បង់ការស្តាប់ឮហើយ វាមិនអាចជាសះស្បើយ បានស្តាប់ឮដូចធម្មតាវិញឡើយដូច្នេះ សូមចេះថែរក្សាត្រចៀក និងថែទាំការស្ដាប់ឮរបស់យើងឱ្យបានល្អប្រសើរ។ដូចដែលយើងទាំងអស់គ្នា បានទទួលខិត្តប័ណ្ណផ្សព្វផ្សាយពីសុខភាពអនាម័យត្រចៀក និងការស្ដាប់ឮ បឋមយើងទាំងអស់គ្នា អាចយល់ដឹងពីរោគសញ្ញានៃជំងឺត្រចៀក, អាចជៀងវាង និងបង្ការការបាត់បង់ការស្ដាប់ឮបាន ក្នុងនាមជាបុគ្គល គឺកុំដាក់បញ្ចូលវត្ថុអ្វីមួយក្នុងត្រចៀក, សូមប្រើសម្ភារៈញាត់ត្រចៀក និងឧបករណ៍ការពារត្រចៀកពីសម្លេងឮខ្លាំងៗ និងនៅទីកន្លែងដែលមានសម្លេងអ៊ូអរ, ក្នុងករណីមានបញ្ហាណាមួយជាមួយត្រចៀក សូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតភ្លាមៗ, សូមឆែកមើលថា តើថ្នាំនានាដែលលោកអ្នកពិសារអាចប៉ះពាល់ការស្តាប់ឮរបស់លោកអ្នកដែរឬទេ?,។
លោកស្រីបានបន្តថា សូមធ្វើតេស្តការស្តាប់ឮ របស់លោកអ្នកជាប្រចាំ និងក្នុងនាមជាអ្នកគាំពារកុមារ សូមកុំដាក់បញ្ចូលអ្វីមួយក្នុងត្រចៀកកុមារ ដោយសារមូលហេតុណាមួយក៏ដោយ រួមទាំងដើម្បីសម្អាតត្រចៀកកុមារ, សូមបង្រៀនកុមារ កុំឱ្យដាក់វត្ថុអ្វីមួយក្នុងត្រចៀករបស់ពួកគេ សូមនាំកុមារទៅជួបវេជ្ជបណ្ឌិត នៅពេលកុមារស្រែកយំដោយសារឈឺ ឬដោយសារស្ទះរន្ធត្រចៀក ឬមានទឹកហូរចេញពីត្រចៀក, កុំអនុញ្ញាត្តិឱ្យកុមារហែលទឹក ក្នុងទឹកកខ្វក់, កុំទះ ឬវាយកុមារ, សូមការពារកុមារពីសម្លេងឮខ្លាំងៗ, សូមបង្រៀនកុមារឱ្យចេះស្តាប់ប្រកបដោយសុវត្ថិភាពពីឧបករណ៍សម្លេងផ្ទាល់ខ្លួន ព្រមទាំងក្នុងនាមជាអ្នកធ្វើការតាមសហគមន៍ ចូររៀនសូត្រអំពីការបាត់បង់ការស្តាប់ឮ និងចែករំលែកព័ត៌មានស្តីពីការថែទាំត្រចៀក និងការស្ដាប់ឮ, សូមដឹងពីទីកន្លែងផ្តល់សេវាកម្មថែទាំត្រចៀក និងណែនាំប្រជាពលរដ្ឋពីការទទួលបានសេវាកម្មថែទាំត្រចៀកនោះ, សូមបញ្ជូនប្រជាពលរដ្ឋដែលប្រាប់ថាឈឺត្រចៀក ឬមានទឹកហូរចេញពីត្រចៀក ទៅជួបវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលនៅជិតបំផុត, សូមរៀនពីឧបករណ៍ជំនួយការស្ដាប់ឮ និងជួយប្រជាពលរដ្ឋដែលប្រើឧបករណ៍ជំនួយការស្ដាប់ឮឱ្យបានសមស្រប, សូមលើកទឹកចិត្តជនមានពិការភាពបាត់បង់ការស្ដាប់ឮ ឱ្យប្រើភាសាសញ្ញា និងរៀបចំជាក្រុមគាំទ្រពួកគាត់៕/PC