ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ បានបម្រើប្រជាជនកម្ពុជាអស់រយៈកាលជាង ៤០ ឆ្នាំ ប្រកបដោយ ការធ្វើបុណ្យទាំងកាយ និងចិត្ត ហើយក្នុងដំណាក់ កាលថ្មីៗនេះ សម្តេចបានធ្វើបុណ្យដ៏ធំមួយ គឺការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ រាប់លាននាក់ពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ តាមរយៈការគិត គូរខ្វល់ខ្វាយ និងខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ដោយបានធ្វើការ ដឹកនាំបញ្ជាផ្ទាល់ និងសម្រេចអារកាត់រហ័សទាន់ពេលវេលា និង ប្រកបដោយយុទ្ធសាស្ត្រ រហូតទទួលបានជោគជ័យនៅក្នុង សមរភូមិ ប្រយុទ្ធនឹងកូវីដ-១៩ នេះ ហើយប្រទេសជាតិក៏ត្រូវបានបើកឱ្យ​ដំណើរ​ការឡើងវិញលើគ្រប់វិស័យដោយសុខសុវត្ថិភាព រហូតមកដល់​បច្ចុប្បន្ន។

ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តក្នុងវត្តអមរា ស្ថិតក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹក​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដរាបណាប្រជាជន​កម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្ត នោះ សម្តេចតេជោ នៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យ​បានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿន​ទៅមុខ រួមជាមួយនឹងការជ្រោងកិត្យានុភាពជាតិឱ្យកាន់តែខ្ពស់​ទ្បើងនៅលើឆាកអន្តរជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះ​សមិទ្ធ​ផលជាច្រើនដែលបន្តរីកលូតលាស់ក្នុងទីអារាមដែលមានវ័យជាង ២០០ ឆ្នាំនេះ ដោយកើតទ្បើងពីកិច្ចខិតខំប្រឹងប្រែងកសាង​កុសល​ផលបុណ្យរបស់ពុទ្ធបរិស័ទប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាមួយការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាទស្សនផ្ទាល់ខ្លួន វិទ្យាសាស្ត្រ និងសាសនា ត្រូវដើរទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញ​ទៅមក ដើម្បីជួយអភិវឌ្ឍសង្គមមួយ ឱ្យមានការរីកចម្រើនលូតលាស់​ប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់។ ខណៈដែលវិទ្យាសាស្ត្រ​អាច​​ជួយដោះស្រាយ និងបង្កើនកម្រិតជីវភាព​ប្រចាំថ្ងៃ ព្រមទាំង​ជាប្រភពដ៏សំខាន់នៃចំណេះដឹងថ្មីៗ គឺសាសនា​អាចជួយបង្កើន​នូវគុណធម៌ និងសីលធម៌ ដែលជាជំនាញផ្នែកទន់ដ៏ចម្បង ក្នុងការ​លើកកម្ពស់គុណតម្លៃរបស់បុគ្គលម្នាក់ៗ ក៏ដូចជាសង្គមជាតិ​ទាំងមូល។ ក្នុងន័យនេះ ការបញ្ចូលចំណេះដឹងផ្នែកសាសនាបន្ថែម​លើចំណេះដឹងទូទៅនៅក្នុងវិស័យអប់រំ គឺជាកត្តាអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាប្រកបដោយសក្តានុពលខ្ពស់ ដែលមូលដ្ឋាននៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលអនាគត៕សរន/R