​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក អា​មី​តា​ប បាច​ចាន់ (Amitabh Bachchan) បាន​និយាយថា​គាត់​បាន​រងរបួស​ពេល​កំពុង​ថត​ភាពយន្ត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ​។​

​តារា​បូលីវូដ​វ័យ​៨០ ឆ្នាំ​រូប​នេះ​បាន​បង្ហោះ​នៅលើ​ប្លុក (Blog) របស់គាត់​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​៥​មីនា​ថា​គាត់​បាន​រងរបួស​ឆ្អឹងជំនីរ ខណៈ​គាត់​កំពុង​ធ្វើការ​នៅ​ទីក្រុង​ហាយដេ​រ៉ា​បាដ (Hyderabad) នៅ​ទីតាំង​ថត​ខ្សែភាពយន្ត​បែប​វិទ្យាសាស្ត្រ​ប្រឌិត​Project K​។ វា​ត្រូវ​បាន​ផលិត​ជា​ភាសា​ឥណ្ឌា​និង​តេ​លូ​ហ្គូ (Telugu) ហើយ​គ្រោង​នឹង​ដាក់​បញ្ចាំង​ក្នុង​ឆ្នាំ ២០២៤​។​

​លោក​បាច​ចាន់​បានសរសេរថា គាត់​បាន​បាក់​ឆ្អឹងជំនីរ និងរ​ហែក​សាច់ដុំ​។ គាត់​បាន​និយាយថា របួស​គឺ “​ឈឺចាប់​ណាស់​” ហើយ​គាត់​បាន​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​មុន​ពេល​គាត់​ហោះ​ទៅផ្ទះ​នៅ​ទីក្រុង​មុំ​បៃ ជា​កន្លែង​ដែល​គាត់​ត្រូវបាន​ណែនាំ​ឱ្យ​សម្រាក​។​

​តារា​សម្តែង​រូបនេះ​បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ដែល​តែងតែ​ជួបជុំគ្នា​នៅ​ខាងក្រៅ​ផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង​មុំ​បៃ​ថា “​ខ្ញុំ​នឹង​មិន​អាច​ជួប​អ្នក​ជូនពរ​នៅ​ល្ងាច​នេះ​បាន​ទេ​…​ដូច្នេះ​កុំ​មក​អី​”​។ គាត់​បានសរសេរថា “​អ្វីៗ​ផ្សេងទៀត​គឺ​ល្អ​ធម្មតា​”​។​

​គាត់​បាន​និយាយថា ការងារ​របស់​គាត់​លើ​ខ្សែភាពយន្ត​នេះ​ត្រូវបាន​ផ្អាក​រហូតដល់​គាត់​ជាសះស្បើយ​។​

​លោក​បាច​ចាន់​បាន​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ឥណ្ឌា​ជាង​២០០​រឿង​។ ភាពជោគជ័យ​របស់​គាត់​បាន​កើត​ឡើង​នៅក្នុង​ខ្សែភាពយន្ត Zanjeer ឬ The Chain ឆ្នាំ ១៩៧៣ ហើយ​គាត់​បាន​ក្លាយទៅជា​កំពូល​តារា​ឆ្នើម​ដោយសារ​ដើរតួ​ជា​តួអង្គ​ក្លាហាន ជាហេតុ​បំផុស​អ្នកគាំទ្រ​ឱ្យ​ចម្លង​ម៉ូត​សក់ សម្លៀក​បំពាក់ និង សំឡេង​មោះមុត​របស់​គាត់​៕

លោក​បាច​ចាន់​មិន​អាច​ឡើង​សម្តែង​បាន​ទេ​រហូត​ដល់​គាត់​ជា​ពីរ​បួស