ដោយ: សរិទ្ធ/កណ្ដាល៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពគប់រថយន្តអ្នកដំណើរលើស្ពានព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបានកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥ នាទីយប់ ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៣ ត្រង់ចំណុចលើស្ពានព្រែកហូរ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ត្រូ រតនា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរយោធា បានត្រឡប់មកពីហូបការមិត្តភក្តិវិញក៏បានបើករថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ខៀវចាស់ ឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ2Bt-4451 មកដល់ចំណុចជិតគល់ស្ពានព្រែកហូរលិច ក៏ស្រាប់តែមានជនសង្ស័យម្នាក់ស្រវឹងស្រា បានយកដុំថ្មមកគុបទៅលើរថយន្តរបស់ជនរងគ្រោះបណ្តាលឱ្យកំពិតទ្វាររថយន្តខាងក្រោយ ។ ឃើញដូចនោះជនរងគ្រោះក៏បានបើករថយន្តរត់មកដល់ប៉ុស្តិ៍ព្រែកហូរដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរហូតដល់ម៉ោង ១ និង ០០នាទី ឈានចូលថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៣ ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ សារី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ បានរួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកហូរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ៕/R