ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ប្រតិភូគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត​( គ.ជ.ប)នៃប្រទេស ប៉ាឡេស្ទីន ដែលដឹកនាំដោយលោក អាស្រាហ្វ ស៊ូអាប៊ី (Ashraf SHUAIBI) អគ្គលេខាធិការរង គ.ជ.ប ប៉ាឡេស្ទីន បានវាយតម្លៃខ្ពស់ចំពោះការចុះឈ្មោះបោះឆ្នោតនៅកម្ពុជា ដែលមានចំនួនដល់ទៅជាង ៨០ភាគរយ។ ប្រតិភូប៉ាឡេស្ទីន ក៏បានសង្កេតឃើញ និងកោតសរសើរចំពោះវគ្គអប់រំអ្នកបោះឆ្នោតបន្ត ដែល គ.ជ.ប កម្ពុជា សហការជាមួយ ភ្នាក់ងារ ចៃកានៃប្រទេស​ជប៉ុន(JICA) បាននិងកំពុងរៀបចំនៅតាមគ្រឹះស្ថានសិក្សានានា ដើម្បី​បញ្ជ្រាបការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត​ជូនដល់​យុវជន។

បការវាយតម្លៃនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប កម្ពុជា កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។

ប្រភពគ.ជ.ប បានឱ្យដឹងថា ជំនួបនេះ តបតាមសំណើរបស់​គណៈ​កម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃរដ្ឋប៉ាឡេស្ទីន និងដោយមានការអនុញ្ញាតពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង​ក្រោមកិច្ចសម្របសម្រួលពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និង​ផ្លាស់​ប្ដូរ​ទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងការងាររៀបចំការ​បោះ​ឆ្នោត។
លោក ទេព នីថា បានជម្រាបជូនប្រតិភូប៉ាឡេស្ទីនអំពីប្រវត្តិនៃការ​បោះឆ្នោតនៅប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា នៅឆ្នាំ​១៩៩៣ កម្ពុជាមានការបោះឆ្នោតសភាធម្មនុញ្ញ ដែលរៀបចំឡើង​ដោយ​អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ហើយចាប់តាំងពីឆ្នាំ១៩៩៨ កម្ពុជារៀបចំការបោះឆ្នោត​ដោយខ្លួនឯង ដោយមានការគាំទ្រពីអង្គការអន្តរជាតិ និងប្រទេសផ្ដល់​ជំនួយ ដូចជា សហភាពអឺរ៉ុប និងទីភ្នាក់ងារ JICA ជាដើម ក្នុងនោះ រួមមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

អគ្គលេខាធិការ គ.ជ.ប បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ មក កម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើការបោះឆ្នោតរបស់ខ្លួន ដោយបានដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុង​រដ្ឋធម្មនុញ្ញ។ សមាជិក គ.ជ.ប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា។

លោកបានបន្តថា គ.ជ.ប បានធ្វើកំណែទម្រង់លើការចុះឈ្មោះ​បោះ​ឆ្នោត ដោយប្ដូរពីការចុះឈ្មោះដោយដៃ មកជាការចុះឈ្មោះតាម​ប្រព័ន្ធកុំព្យូទ័រ។ ក្រៅពីនោះ គ.ជ.ប បានអភិវឌ្ឍការ​រៀបចំការ​បោះឆ្នោត​ឱ្យកាន់តែមានភាពងាយស្រួល និងមានទំនើបកម្ម តាមរយៈការដាក់ឱ្យប្រើប្រាស់៖
– កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
– កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាបម្រើឱ្យការបោះឆ្នោត (ឯ.អ)
– កម្មវិធីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត
– កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ បូកសរុបលទ្ធផលនៃការបោះឆ្នោត ការបែងចែកអាសនៈ និងការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត
– កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹង។
អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាកំពុងរៀបចំការបោះឆ្នោតចំនួនពីរ នោះគឺការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាលទី៧ និងការបោះឆ្នោតក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក ដែលទើបបំបែក និងបង្កើតថ្មី។

បន្ទាប់ពីបានស្ដាប់ប្រសាសន៍របស់លោកអគ្គលេខាធិការ គ.ជ.ប កម្ពុជា យ៉ាងយកចិត្តទុកដាក់រួចមក ប្រតិភូ គ.ជ.ប ប៉ាឡេស្ទីន បាន​វាយតម្លៃខ្ពស់ចំពោះការចុះឈ្មោះបោះឆ្នោតនៅកម្ពុជា ដែលមានចំនួន​ដល់ទៅជាង ៨០ភាគរយ។ ប្រតិភូប៉ាឡេស្ទីន ក៏បានសង្កេតឃើញ និងកោតសរសើរចំពោះវគ្គអប់រំអ្នកបោះឆ្នោតបន្ត ដែល គ.ជ.ប កម្ពុជា សហការជាមួយ JICA បាននិងកំពុងរៀបចំនៅតាមគ្រឹះស្ថាន​សិក្សា​នានា ដើម្បីបញ្ជ្រាបការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ និងការ​បោះឆ្នោត​ជូនដល់យុវជន។

ភាគី គ.ជ.ប កម្ពុជា និង គ.ជ.ប ប៉ាឡេស្ទីន មានការជឿជាក់ថា គ.ជ.ប ទាំងពីរនឹងមានកិច្ចសហការ ការចែករំលែក ការផ្លាស់​ប្ដូរបទពិសោធន៍ និងការអនុវត្តល្អៗ ជាបន្តបន្ទាប់ទៀត តាមរយៈកិច្ចសម្របសម្រួលពីទីភ្នាក់ងារ JICA៕សរន / N