ដោយៈ ទេព មង្គល / ព្រះសីហនុ៖ នាវា​កងទ័ពជើងទឹក​ឥណ្ឌា មួយគ្រឿង ដឹកនាំ​ដោយ លោក វរ​នា​វី​ឯក PRAMOD POKHRIYAL បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ នៅវេលា​ម៉ោង ១១​និង​៣០ នាទី ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២៣ ហើយ​នាវា​នេះ បាន​ឈប់​ស្នាក់នៅ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៣ ដើម្បី​ចូលរួម​សហប្រតិបត្តិការ លើ​ការងារ​សម្អាត​បរិស្ថាន និង​ធ្វើ​លំ​ហាត់​ល្បាត​រួម ខ្នាតតូច (PASSEX) ជាមួយ​នាវា​កងទ័ពជើងទឹក​កម្ពុជា​។​

លោកឧត្តមនាវីត្រី អ៊ិន សុខេមរា នាយសេនាធិការរង ទទួលទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ មូលដ្ឋានសមុទ្រ រួមជាមួយនាយ នាយនាវី កងទ័ពជើងទឹក កង កម្លាំងសមត្ថកិច្ច នៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ ចំពោះកងទ័ពជើងទឹកឥណ្ឌា នៃនាវា ICGS SAMUDRA PAHREDAR នាពេលនោះ ។

លោកឧត្តមនាវីត្រី អ៊ិន សុខេមរា បានបញ្ជាក់ថាៈ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ព ជើងទឹកឥណ្ឌា នៅពេលនេះ ក្នុងនាមលោក តំណាងឲ្យមេបញ្ជាការកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ សូមស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងកងទ័ពជើង ទឹកឥណ្ឌា ជាពិសេសការទំនាក់ទំនងអន្តរជាតិ រឹតចំណងសាមគ្គីភាព ឲ្យកាន់តែល្អ ប្រសើរ និងសូមឲ្យដំណើរទស្សនកិច្ច របស់កងនាវាកងទ័ពជើងទឹកឥណ្ឌា នៅព្រះរាជា ណាចក្រកម្ពុជា ទទួលបានសុខសុវត្ថិភាព និងកិច្ចសហការល្អ រវាងកងទ័ពទាំងពីរ។

មេបញ្ជាការនាវា ដឹកនាំដោយលោក វរនាវីឯក PRAMOD POKHRIYAL បានឱ្យដឹងថាៈ នាវាឈ្មោះ ICGS SAMUDRA PAHREDAR មានគោលបំណង ដើម្បីចូលរួមសកម្មភាពមួយចំនួន ដូចជា ១-ការបង្ហាញអំពីការឆ្លើយ តប ទាក់ទិនទៅនឹងការបំពុល និងសំអាតបរិស្ថាន។ ២- ចូលរួមសកម្មភាពជាមួយ នគរបាលការពារព្រំដែនទឹក។ ៣- សកម្មភាពចូលរួមរបស់នាយទាហានសកម្មឥណ្ឌា ដូចជាប្រតិបត្តិការសម្អាតឆ្នេរ ជាមួយស្ថាប័នយុវជនក្នុងស្រុក និងមានធ្វើលំហាត់ល្បាត រួមខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា ។

គួរបញ្ជាក់ថា លក្ខណៈបច្ចេកទេសនាវា ឈ្មោះ ICGS SAMUDRA PAHEREDAR (202) មានបណ្តោយ ៩០,១០ ម៉ែត្រ ទទឹង ១៥,៥ ម៉ែត្រ ជម្រៅទឹក ៤,៥ ម៉ែត្រ ទំងន់ផ្ទុក ៣.១៧៨ តោន និងមាននាវិក ចំនួន ១១៤ នាក់៕ V / N