ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ មនុស្សយ៉ាងហោចណាស់១១នាក់បានស្លាប់និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួននៅតំបន់ណាទូណា(Natuna)របស់ឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទទី៦មីនា បន្ទាប់ពីការបាក់ដីបានសង្កត់និងកប់ផ្ទះជាច្រើនចំពេលមានការធ្លាក់ភ្លៀងខ្លាំង។
លោកអាប់ឌុល មូហារី(Abdul Muhari)មន្ត្រីគ្រោះមហន្តរាយ បានប្រាប់ទូរទស្សន៍ Kompas TVថា មនុស្សយ៉ាងតិច១១នាក់បានស្លាប់ និងប្រមាណ៥០នាក់នៅកំពុងបាត់ខ្លួន។
មន្ត្រីគ្រោះមហន្តរាយម្នាក់ទៀតនៅកោះរីអាវ អាយលឹនស៍(Riau Islands)បាននិយាយថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងនិងថា«ទូរគមនាគមន៍នៅក្នុងតំបន់បានខូចខាតធ្ងន់ធ្ងរ។អាកាសធាតុប្រែប្រួល និងខ្យល់កំពុងបក់ខ្លាំង។រលកសមុទ្រក៏ខ្ពស់»។
ទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយ បាននិយាយថាអ្នកនៅរស់ត្រូវបានជម្លៀសចេញពីតំបន់ស៊ីរ៉ាសាន(Searasan)នៅពេលក្រុមជួយសង្គ្រោះនិងស្វែងរកមួយត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ។
រូបបង្ហោះដោយទីភ្នាក់ងារខាងលើ បង្ហាញដំបូលផ្ទះនិងមែកឈើត្រូវគេឃើញបាក់ធ្លាក់ពេញដី។តំបន់កើតហេតុនេះស្ថិតនៅលើកោះដាច់ស្រយាលមួយ ដែលបើជិះទូកពីទីក្រុងណាទូណាត្រូវចំណាយពេលប្រាំម៉ោងទើបដល់៕
មែកឈើនិងដំបូងផ្ទះនៅលើដីបាក់សង្កត់នៅកោះដាច់ស្រយាលមួយកាលពីថ្ងៃចន្ទ