ដោយៈ សុខុម / ស្ទឹងត្រែងៈ ក្រោយប្រមុខរាជរដ្ឋាភិបាល បើកឲ្យមានភ្ញៀវទេសចរ ចូលក្នុងប្រទេស និងជិតដល់ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅពេល ខាងមុខដ៏ឆាប់នេះ ភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិ ហាក់មានកំណើនឆ្លងកាត់ ពីប្រទេសឡាវ ចូលកម្ពុជា តាមច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។

មន្ត្រីប្រចាំច្រកទ្វារ និងអ្នកលក់ដូរ នៅក្បែរច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ហាក់បង្ហាញពីទឹកមុខរីករាយ រាក់ទាក់ ពេលឃើញភ្ញៀវទេសចរ ចេញចូលមានភាពអ៊ូអរ ខុសប្លែកកាលពីមុន។ ភ្ញៀវដែលចូលមកពីប្រទេសឡាវនោះ តែងតែឈប់សម្រាកទទួលទានអាហារ ពិសាភេសជ្ជៈ កាហ្វេ ទើបបន្តដំណើរទៅមុខ ទៀត។

កញ្ញា ខា វាសនា បម្រើការងារដោយស្ម័គ្រចិត្ត នៅកន្លែងមណ្ឌលផ្ដល់ព័ត៌មាន ទេសចរណ៍ ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល បានរៀបរាប់ថាៈ នាងតែងតែសង្កេតឃើញ មានភ្ញៀវទេសចរ ចេញចូល ហើយភ្ញៀវមួយចំនួន បានមកសាកសួរព័ត៌មានផ្សេងៗ នៅកន្លែងផ្ដល់ព័ត៌មានទេសចរណ៍។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានចុះទៅពិនិត្យស្ថានភាព ភ្ញៀវចេញចូល និងមើលកន្លែងផ្ដល់ព័ត៌មានទេសចរណ៍ ខាងលើនេះ បានរៀបរាប់ឲ្យដឹង ថាៈ ភ្ញៀវចាប់ផ្ដើមមានសន្ទុះឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩។ ជាងនេះទៅទៀត នៅពេលខាងមុខនេះ គឺជាមោទនភាពមួយ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេម ហើយលោកសង្កេតឃើញថា ភ្ញៀវបានចេញចូល កាន់តែមានសន្ទុះកើនខ្លាំង នៅមុនព្រឹត្តិការណ៍នេះមកដល់។

សូមរំលឹកថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ លោក​ញ៉ែម សារី អភិបាលរងខេត្ត និងជាតំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញទទួលបដិ សណ្ឋារកិច្ច គណៈប្រតិភូក្លិបរថយន្ត Mercedes – Ben G63 club in china ដែលដឹកនាំដោយលោក Wang Lu Yun មកធ្វើទស្សនកិច្ចក្នុងព្រះរាជាណាចក្រ កម្ពុជា ដោយបើកបរដោយខ្លួនឯង។ ក្បួនរថយន្តចង្កូតឆ្វេង ចំនួន ១៤ គ្រឿង ចូលតាម ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង និងត្រឡប់ទៅវិញ តាមច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ការធ្វើទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់ក្រសួងទេសចរណ៍ នៃព្រះរាជាណាកម្ពុជា៕ V / N