​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា​បាន​ព្រមាន​ថា កូរ៉េខាងជើង​ត្រៀមខ្លួន​ចាត់វិធានការ​«​លឿន​»​ដ៏​លើសលប់​​ប្រឆាំង​អាម៉េរិក​និង​កូរ៉េខាងត្បូង ចំ​ពេល​សម្ពន្ធមិត្ត​ទាំងពីរ​ធ្វើ​សមយុទ្ធ​រួមគ្នា​។​

​សេចក្តីថ្លែងការណ៍​របស់​លោកស្រី គីម យ៉ូ​ចុង​(Kim Yo Jong)​កើត​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយពី​អាម៉េរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុនធ្ងន់អាច​បំពាក់​គ្រាប់​នុយគ្លេអ៊ែរ​ធុន​ធ្ងន់​B-52មកកាន់ឧ​ប​​ទ្វីប​កូរ៉េ​ដើម្បី​ចូលរួម​លំ​ហាត់​សមយុទ្ធ​យោធា​រួម​ជាមួយ​កង​ម្លាំង​កូរ៉េខាងត្បូង​។ យោ​​ធា​អាម៉េរិក​និង​កូរ៉េខាងត្បូង​ក៏​កំពុង​ត្រៀម​ចាប់ផ្តើម​សមយុទ្ធ​យោធា​ធំ​បំផុត​របស់​គេ​ឡើងវិញ​នៅក្នុង​ខែ​នេះ​។​

​រូប​ឯកសារ​បង្ហាញ​លោកស្រី គីម យ៉ូ​ចុង ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ឆ្នាំ​២០២២​

​គីម យ៉ូ​ចុង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា «​យើង​បន្ត​ឃ្លាំ​មើល​ចំណាត់ការ​យោធា​ឥតស្រាកស្រាន្ត​របស់​កង​កម្លាំង​អាម៉េរិក​និង​យោធា​អាយ៉ង​កូរ៉េខាងត្បូង ហើយ​​យើង​តែងតែ​ត្រៀម​ខ្លួន​ចាត់ការ​ដ៏​លឿន លើសលប់​និង​សម​ហេតុផល​នៅពេល​ណា​មួយ​យោង​តាម​ការវិនិច្ឆយរ​បស់​យើង​»​។​

​លោកស្រី​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ចំណាត់​វិធានការ​របស់​កូរ៉េខាងជើង​ទេ តែ​រដ្ឋ​កុំម្មុយនីស្ត​មួយ​នេះ​តែង​ធ្វើ​ការបាញ់​សាកល្បង​កាំជ្រួច​ក្នុង​ការឆ្លើយតប​នឹង​សមយុទ្ធ​យោធា​អាម៉េរិក​-​កូរ៉េខាងត្បូង​។​លោក​​ស្រី​បាន​និយាយថា​«​ចំណាត់​វិធានការ​យោធា​និង​វោហា​ស័ព្ទ​គ្រប់​ប្រភេទ​ដោយ​អាម៉េរិក​និង​កូរ៉េខាងត្បូងដែលឆ្កួត​លីលា​ខ្លាំង​និង​មិន​អាច​មើល​រំលង​បាន ផ្តល់​អោយ​កូរ៉េ​ខាងជើង​នូវ​ហេតុផល​សំរាប់ធ្វើ​អ្វី​​មួយ​ដើម្បី​ដោះស្រាយ​វា​»​។​

​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ​លោកស្រី បានបញ្ជាក់​ថា កូរ៉េ​ខាងជើង​នឹង​ពិចារណា​ការប៉ុនប៉ង​របស់​អាម៉េរិក​ណាមួយ​ដើម្បី​ស្ទាក់​បាញ់​ទម្លាក់​កាំជ្រួច​ផ្លោង​របស់​កូរ៉េ​ខាងជើង​ថា​ជា​ការប្រកាស​សង្គ្រា​​ម​មួយ​។​លោកស្រី​ចង់​និយាយ​សំដៅ​ទៅ​កាន់របាយការណ៍ក្នុង​សារព័ត៌មាន​កូរ៉េខាងត្បូង​ដែលថា យោធា​អាម៉េរិក​មាន​ផែនការ​បាញ់​ទម្លាក់​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​ណាមួយ បើសិនជា​វា​ត្រូវ​បាន​បាញ់​ឆ្ពោះទៅ​​ប៉ាស៊ីហ្វិក​។​

​កាលពី​ខែ​មុន គីម យ៉ូ​ចុង បាន​គំរាម​ប្រែក្លាយ​តំបន់​ប៉ាស៊ីហ្វិក​ទៅ​ជា​រង្វង់​បាញ់​កាំជ្រួច​របស់​កូរ៉េខាងជើង​។​

​ការហោះ​លើ​ឧបទ្វីប​កូរ៉េ​របស់​យន្តហោះ B-52 កាលពី​ថ្ងៃ​ចន្ទ​ជា​រូបភាព​ស្រដៀងៗ​គ្នា​ចុងក្រោយ​មួយ​នៃ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​។​អាម៉េរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​​ចម្ងាយ​ឆ្ងាយ​B-1B​មកកាន់​ឧបទ្វីប​កូរ៉េ​ជា​ច្រើន​លើ​នៅ​ឆ្នាំនេះ​។​

ក្នុងពេលជាមួយគ្នា ​កូរ៉េខាងត្បូង​បាន​និយាយថា សមយុទ្ធ​នេះ​បានបង្ហាញ​លទ្ធភាព​របស់​សម្ពន្ធមិត្ត​ដើម្បី​ធ្វើ​ការឆ្លើយតប​ដាច់ខាត​ណាមួយ​ចំពោះ​ការឈ្លានពាន​ពី​កូរ៉េខាងជើង​។​

​កាលពី​ថ្ងៃ​សុក្រ​មុន យោធា​កូរ៉េខាងត្បូង​និង​អាម៉េរិក​បានប្រកាសថា​ពួកគេ​នឹង​ធ្វើ​សមយុទ្ធ​ប៉ុស្តិ៍​បញ្ជាការ​ដោយ​ហ្វឹកហាត់មេរៀន​លើ​កុំព្យូទ័រ​ចាប់ពី​ថ្ងៃ​១៣​ដល់​២៣​មីនា និង​ស្តារ​សមយុទ្ធ​លើ​ទីវាល​ធំ​បំផុត​របស់​ប្រ​​ទេស​ទាំង​ពីរ​ឡើង​វិញ​ក្រោយ​ផ្អាក​នៅ​ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់​ថា សម្ពន្ធ​មិត្ត​ទាំង​ពីរ​បានកាត់បន្ថយ​ទំហំ​ឬ​ផ្អាក​សមយុទ្ធ​ទៀង​ទាត់​របស់គេ​ចាប់តាំងពី​ឆ្នាំ​២០១៨​ដើម្បី​គាំទ្រ​កិច្ច​ការទូត​ជាមួយ​កូរ៉េ​ខាងជើង​និង​ការពារ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​តែពួកគេបាន​ស្តារ​វា​ឡើងវិញ​ក្រោយ​ពី​កូរ៉េ​ខាងជើង​កាលពី​ឆ្នាំមុន​ធ្វើ​ការបាញ់​សាកល្បង​កាំជ្រួច​ក្នុង​ចំនួន​ច្រើន​និង​ញឹកញាប់​បំផុត​មិន​ដែលធ្លាប់មាន ព្រមទាំង​គំរាម​ប្រើ​នុយគ្លេអ៊េ​រលើ​​អាម៉េរិក​និង​កូរ៉េខាងត្បូងទៀតផង​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​ហៅ​វត្តមាន B-52 នៅ​ឧបទ្វីប​កូរ៉េ​ថា​ជាការ​បង្ក​រឿង​ដែល​រុញ​សភាពការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​អោយ​«​ចូល​ក្នុង​រណ្តៅ​កាន់តែ​​ជ្រៅ​»​។​សេចក្តីថ្លែងការណ៍​បាន​និយាយថា​« មិន​មាន​ការធានា​ទេ​ថា នឹង​មិន​មាន​ជម្លោះ​ហិង្សា​រូបវន្ត​»​បើសិនជា​ការ​បង្ករឿង​របស់​អាម៉េរិក​និង​កូរ៉េខាងត្បូង​នៅតែ​បន្ត​៕

​យន្តហោះ B-52H Stratofortress​របស់​កងទ័ពអាកាស​អាម៉េរិក ត្រូវបាន​ហោះ​អម​ការពារ​ដោយ​យន្តហោះ​កូរ៉េខាងត្បូង F-15K​និង​KF-16​កាលពី​ថ្ងៃ​៦​មីនា​