ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មីនា​ថា ក្រុមហ៊ុន​ឯកជន​គួរតែ “​ក្លាយជា​អ្នកមាន និង​មាន​ក្តីស្រលាញ់​”​ដោយ​ជួយ​រែក​ពន់​​ការទទួលខុសត្រូវ​រួម​ជាមួយនឹង​ក្រុមហ៊ុន​របស់​រដ្ឋ​ដើម្បី​សម្រេចបាន​នូវ​ភាពរុងរឿង​សម្រាប់​ទាំងអស់គ្នា​។​

​ក្រុមហ៊ុន​ឯកជន​ចិន​និង​ក្រុមហ៊ុន​បរទេស​កំពុង​រង់ចាំ​មើលរដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្ហាញ​ព័ត៌មាន​លម្អិ​ត​អំពី​របៀប​ដែល​ខ្លួន​មានបំណង​បន្ត “​ភាពរុងរឿង​រួម​”​ពោល​ជា​គំនិត​ផ្តួចផ្តើម​សំខាន់​របស់​​លោក​ស៊ី​ដើម្បី​បង្រួម​គម្លាត​ទ្រព្យសម្បត្តិ​របស់​ចិន និង​របៀប​ដែល​ចិន​រំពឹង​ក្រុមហ៊ុន​ឯកជន​នឹង​ចូលរួម​ចំណែក​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​ជា​មួយ​ទីប្រឹក្សា​រដ្ឋាភិបាល​ដែល​តំណាង​ឱ្យ​វិស័យ​ធុរកិច្ច​ក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​សភា លោក​ស៊ី​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​សហគ្រិន​ត្រូវ “​ស្នេហា​ជាតិ​”​និង​ចូលរួម​​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​សប្បុរសធម៌ នេះ​បើ​តាម​វិទ្យុ​រដ្ឋ​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​ស៊ី​ក៏​បាន​និយាយ​ផងដែរ​ថា ក្រុមហ៊ុន​ឯកជន​គួរតែ​ចែករំលែក​ផល​នៃ​កំណើន​របស់​ពួកគេ​ជាមួយ​និយោជិត​ឱ្យ​កាន់តែ​មាន​សមធម៌ នៅក្នុង​អ្វីដែល​លោក​ហៅថា “​សហគមន៍​នៃ​ផលប្រយោជន៍​រួម​”​។​

​វិទ្យុ​រដ្ឋ​បាន​ដកស្រង់​សម្តី​របស់​លោក​ស៊ី ដោយ​និយាយថា “​ត្រូវ​ក្លាយជា​អ្នកមាន​និង​មាន​ទំនួល​ខុស​ត្រូវ ត្រូវ​ក្លាយជា​អ្នកមាន​និង​ផ្តល់​ប្រយោជន៍​ដល់​អ្នកដទៃ ត្រូវ​ក្លាយជា​អ្នកមាន​និង​មាន​ក្តីស្រលាញ់​”​។​

​លោក​ក៏​បាន​និយាយ​ផងដែរ​ថា ចិន​នឹង​តែងតែ​ចាត់ទុក​ក្រុមហ៊ុន​ឯកជន​និង​សហគ្រិន​ជា “​គ្រួសារ​” ហើយ​បាន​សន្យាថា​នឹង​ដក​ចេញ​នូវ​ឧបសគ្គ​ផ្នែក​ស្ថាប័ន ដែល​រារាំង​ក្រុមហ៊ុន​ឯកជន​ពី​លទ្ធភាព​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ នេះ​បើ​យោង​តាម​វិទ្យុ​រដ្ឋ​៕

​លោក​ស៊ី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​និង​សហគ្រិន​ត្រូវ “​ស្នេហា​ជាតិ​” និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​សប្បុរសធម៌​