ដោយៈ .ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី៨ ដល់ ១៥ ខែមីនាថាៈ នៅក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមីនា ទទួលឥទ្ធិពលខ្សោយ ពីកម្រិតសម្ពាធទាប ធ្វើឱ្យមានភ្លៀងធ្លាក់តិចតួច  ចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមីនា ទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ កម្រិតមធ្យម ពីប្រទេសចិន ធ្វើឱ្យសីតុណ្ហភាព អប្បបរមា ចុះទាបជាងពេលនេះ ពី ពីរ ទៅ បី អង្សាសេ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ លក្ខណៈបែបខាងលើ នឹងធ្វើឲ្យតំបន់ ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ

នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អអ្សាសេ នៅថ្ងៃទី១៣ និង ១៤ខែមីនា សីតុណ្ហភាព អប្បបរមា អាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២ទៅ៣ អង្សាសេ នៅវេលាយប់ និងព្រឹក។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣១ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពី ខ្សោយ ទៅតិចតួចដោយអន្លើ៕/V-PC