ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ទាហានមីយ៉ាន់ម៉ាបានប្រព្រឹត្តដូចកម្រោលចូលនៅក្នុងភូមិចំនួនពីរ ដោយបានកាត់ក្បាលនិងសម្លាប់មនុស្សយ៉ាងតិច១៧នាក់ នេះបើតាមការបញ្ជាក់ពីពួកអ្នកស្រុកនៅក្នុងអ្វីដែលពួកអ្នករិះគន់របបយោធានេះថាជាឧក្រិដ្ឋកម្មសង្គ្រាមមួយក្នុងចំណោមការប្រព្រឹត្តដូច្នេះជាបន្តបន្ទាប់ប្រឆាំងលើក្រុមប្រឆាំងខ្លួនចាប់តាំងពីពួកយោធាដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលមួយកាលពីពីរឆ្នាំមុន។
សាកសពមនុស្ស១៧នាក់ត្រូវបានគេប្រទះឃើញកាលពីសប្តាហ៍មុននៅក្នុងភូមិពីរនៅតំបន់សាហ្គាង(Sagaing)នៅមីយ៉ាន់ម៉ាភាគកណ្តាល នេះបើតាមសេចក្តីរាយការណ៍របស់ក្រុមប្រឆាំងរដ្ឋាភិបាលនិងអ្នកស្រុកម្នាក់ដែលភរិយារបស់ខ្លួនបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះផងដែរ។ពួកគេបាននិយាយថា ជនរងគ្រោះត្រូវបានចាប់ចងដោយយោធានិងក្នុងករណីខ្លះត្រូវបានធ្វើទារុណកម្មនិងរំលោភមុនសម្លាប់។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ក្នុងភាពវឹកវរនយោបាយ សង្គមនិងសេដ្ឋកិច្ចចាប់តាំងពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សាន ស៊ូជី ដែលនាំអោយផ្ទុះការតវ៉ាប្រឆាំងយោធាទូទាំងប្រទេសនិងការបង្ក្រាបរបស់កងសន្តិសុខនៅពេលក្រោយមក។ការបង្ក្រាបរបស់អាជ្ញាធរនាំអោយមានចលនាតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេស ដល់ថ្នាក់អ្នកជំនាញការអង្គការសហប្រជាជាតិខ្លះចាត់ទុកថាជាសង្គ្រាមស៊ីវិលមួយ។
យោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារធំៗនិងការឆ្មក់វាយប្រហារនៅតាមទីជនបទ រួមមានការដុតភូមិនិងបង្ខំអោយអ្នកស្រុករាប់ពាន់នាក់ចាកចេញពីផ្ទះរបស់គេ។ក្រុមយោធាជួបការតស៊ូប្រឆាំងខ្លាំងបំផុតនៅតំបន់សាហ្គាងភាគកណ្តាលប្រទេស។
ពួកមេដឹកនាំមូលដ្ឋាននៃកង«កម្លាំងប្រដាប់អាវុធរបស់ប្រជាជន»ដែលប្រឆាំងរបបសឹក និងសារព័ត៌មានឯករាជ្យមីយ៉ាន់ម៉ា បាននិយាយថា«ទាហានរដ្ឋាភិបាលបានពាក់ព័ន្ធនឹងការវាយប្រហារកាលពីសប្តាហ៍មុន។ពួកគេមានគ្នាជាង៩០នាក់បានមកដល់តាមឧទ្ធម្ភាគចក្រចំនួនប្រាំគ្រឿងកាលពីថ្ងៃ២៣កុម្ភៈ»។
ពួកគេបាននិយាយទៀតថា សាកសពមនុស្ស១៤នាក់ រួមមានស្ត្រីបីនាក់ ត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍នៅលើកោះតូចមួយក្នុងទន្លេមួយនៅភូមិនីអ៊ុង យីន(Nyaung Yin)។ជនរងគ្រោះបីនាក់ទៀតត្រូវបានរកឃើញនៅភូមិតា ទែង(Tar Taing)រួមមានសមាជិកពីរនាក់នៃក្រុមតស៊ូ ដោយសាកសពមួយត្រូវបានកាត់ក្បាល។
ពួកអ្នកភូមិបាននិយាយថា ទាហានបានចាប់ខ្លួនអ្នកភូមិប្រមាណ៧០នាក់ទាំងកណ្តាលយប់កាលពីថ្ងៃពុធ។ពួកគេត្រូវបានវាយធ្វើបាបនៅក្នុងវត្ត ចាប់រំលោភនិងនាំចេញពីភូមិ ទំនងជាទុកធ្វើជាចំណាប់ខ្មាំងការពារទល់នឹងការវាយប្រហារណាមួយពីក្រុមអ្នកតស៊ូ។ពួកអ្នកភូមិដែលព្យាយាមរត់ ត្រូវពួកទាហានបាញ់ពីក្រោយ។
ពួកទាហានក៏បានលួចយកស្រាបៀនិងរបស់របរផ្សេងៗពីតូបលក់របស់អ្នកភូមិ។
បុរសឈរលើគំនរឧសសំរាប់បូជាសពនៅភូមិតាទែងកាលពីថ្ងៃ២មីនា
រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលជាក្រុមតស៊ូប្រឆាំងនឹងអាជ្ញាធរ បាននិយាយកាលពីថ្ងៃចន្ទថា ទាហានឃោរឃៅទាំងនេះមកពីកងពលទ័ពជើងគោកទី៩៩តាំងនៅតំបន់ម៉ាន់ដាឡេ(Mandalay)។
ក្នុងហេតុការណ៍កាលពីមុនមួយ ដែលទំនងជាពាក់ព័ន្ធនឹងទាហានមកពីកងពលដដែល ក្មេងប្រុសពីរនាក់ដែលជួយកងកម្លាំងប្រឆាំងត្រូវបានទាហានរដ្ឋាភិបាលចាប់ខ្លួននិងកាត់ក្បាលកាលពីថ្ងៃ២៦កុម្ភៈក្រោយត្រូវបង្ខំអោយបង្ហាញជំរំរបស់ពួកគេ៕
សាកសពជនរងគ្រោះត្រូវបានលើកដាក់លើរទេះ ក្រោយរកឃើញនៅក្នុងភូមិ នីអ៊ុង យីន កាលពីថ្ងៃ២មីនា
សាកសពមនុស្សពីរនាក់ដេកនៅក្នុងស្រែមួយនៅភូមិនីអ៊ុង យីន ក្រោយទាហានចេញទៅបាត់
អ្នកភូមិបញ្ជូនសាកសពជនរងគ្រោះតាមក្បូនមកកាន់ភូមិដើម្បីធ្វើបុណ្យ