ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នាថ្ងៃទី៦ ខែមីនា ម្សិលមិញនេះ បានទទួលការឧបត្ថម្ភសម្ភារៈហ្វឹកហាត់ និងសម្ភារៈប្រកួត កីឡាទ្រីយ៉ាត្លុង ពីក្រុមហ៊ុនឯកជន សម្រាប់ត្រៀមខ្លួនព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើក ៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។
ក្នុងពិធីទទួល និងប្រគល់សម្ភារៈហ្វឹកហាត់ និងសម្ភារៈប្រកួតកីឡាទ្រីយ៉ាត្លុងនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា គង់ ឫទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ា ត្លុងកម្ពុជា លោក ងិន សុខបញ្ញាអគ្គលេខាធិការសហព័ន្ធ និងតំណាងក្រុមហ៊ុនឯកជន។
លោកឧកញ៉ា គង់ ឫទ្ធីជព្វ បានជំរុញលើកទឹកឲ្យអត្តពលិកកីឡាទ្រីអាត្លុងជម្រើសជាតិខិតខំឲ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណា ប្រជែងដណ្តើមឲ្យបានមេដាយមាស ពីព្រឹត្តិការណ៍ កីឡា SEA GAMES 2023 លើកទី៣២ឆ្នាំ២០២៣ ក្នុងនាមជាកីឡាករ –កីឡាការិនី ម្ចាស់ផ្ទះ ដើម្បីលើកមុខមាត់ជាតិ លើកមុខមាត់សហព័ន្ធ និងជាការតបស្នង សងគុណដល់ក្រុមហ៊ុន បានឧបត្ថម្ភនូវសម្ភារៈហ្វឹកហាត់ និងប្រកួតកម្រិតស្តង់ដារ ត្រៀមសម្រាប់ការប្រកួតកីឡា SEA GAMES 2023 ។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជាក់ថាៈ សម្ភារៈដែលឧបត្ថម្ភ ដោយក្រុមហ៊ុន Giant Cambodia ដល់សហព័ន្ធទ្រីយ៉ាត្លុង កម្ពុជា សម្រាប់អត្តពលិកជម្រើសជាតិហ្វឹកហាត់ត្រៀម SEA GAMES 2023 លើកទី៣២ឆ្នាំ២០២៣ មានកង់ Giant ១០គ្រឿង មួក ស្បែកជើងជិះកង់សម្លៀក បំពាក់ វ៉ែនតាហែលទឹក និងសម្ភារៈចាំបាច់មួយចំនួនទៀត ។
លោក ងិន សុខបញ្ញា បានបន្តថាៈ SEA GAMES 2023 គឺម្ចាស់ផ្ទះកម្ពុជា នឹងដាក់វិញ្ញាសា អាគ័រត្លុង (Aquathlon) ជាលើកដំបូងក្នុងព្រឹត្តិការណ៍ SEA GAMES ចំនួន ៣០ លើក ក្នុងរយៈពេល ៦០ ឆ្នាំមកនេះ ដែលមិនធ្លាប់ដាក់បញ្ចូល ឡើយ ។ វិញ្ញាសាអាគ័រត្លុងមានហែលទឹកចម្ងាយ ១០០០ ម៉ែត្រ និងរត់ ៥ គីឡូម៉ែត្រនេះ ជាវិញ្ញាសាថ្មី ក្នុង SEA GAMESជាលើកដំបូងរៀបចំដោយម្ចាស់ផ្ទះកម្ពុជា ។
បំណងនៃការដាក់បញ្ចូលវិញ្ញាសា ១បន្ថែមនេះ គឺដើម្បីស្វែងរកឱកាសកាន់តែច្រើនដើម្បីគោលដៅក្នុងការប្រជែងមេដាយមាស ១គ្រឿង ដោយវិញ្ញាសាអាគ័រត្លុងនេះ យើងមានក្តីសង្ឃឹមខ្ពស់ជាងគេ ខណៈបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក៏មានឆន្ទៈដូចគ្នា ក្នុងការស្នើសុំឲ្យកម្ពុជា ដាក់បញ្ជូលវិញ្ញាសា អាគ័រត្លុង ក្នុងស៊ីហ្គេម ២០២៣ នេះ ដូចគ្នាផងដែរ ។ សម្ភារៈទាំងនេះ វាក៏ជាសម្ភារៈដែលកីឡាករ កីឡាការិនីជម្រើសជាតិ យកទៅប្រកួត ក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត នេះតែម្ដង៕/V-PC