ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋមន្ត្រីការបរទេសចិននៅថ្ងៃអង្គារទី៧មីនានេះបានបន្ទោសអាម៉េរិកចំពោះការធ្វើអោយមានភាពតឹនតឹងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងប៉េកាំងនិងបាននិយាយថាបើអាម៉េរិកមិនផ្លាស់ប្តូរមាគ៌ារបស់ខ្លួនទេវានឹងមាន«ជម្លោះនិងការប្រឈមមុខគ្នា»។
លោករដ្ឋមន្ត្រីឈីន ហ្កាង( Qin Gang)បានប្រាប់អ្នកយកព័ត៌មាននៅសន្និសីទកាសែតមួយនៅក្រុងប៉េកាំងនៅក្រៅសម័យប្រជុំសភាប្រចាំឆ្នាំថា អាម៉េរិកបាននិងកំពុងចូលពាក់ព័ន្ធក្នុងការគាបសង្កត់ចិន ជាជាងការប្រកួតប្រជែងដោយយុត្តិធម៌និងផ្អែកលើច្បាប់។
បើតាមអតីតឯកអគ្គរដ្ឋទូតចិននៅអាម៉េរិករូបនេះ «ការគិតនិងទស្សនៈរបស់អាម៉េរិកចំពោះចិនខុសពីការពិតជាខ្លាំង។អាម៉េរិកចាត់ទុកចិនជាគូប្រជែងចម្បងរបស់ខ្លួន និងជាឧបសគ្គខាងភូមិសាស្ត្រនយោបាយធំបំផុត។វាហាក់ដូចជាការកិបឡេវអាវទីមួយខុស។អាម៉េរិកគួរលេងតាមក្បួនច្បាប់ដែលខ្លួននិយាយ»។
លោកបានបន្តថា« អាម៉េរិកនិយាយច្រើនអំពីការការធ្វើតាមក្បួនច្បាប់ តែស្រម៉ៃមើលថាមានកីឡាករពីរនាក់កំពុងរត់ប្រណាំងអូឡាំពិច។បើភាគីមួយ មិនខិតខំរត់អោយបានល្អបំផុត តែបែរជាព្យាយាមរត់បុកភាគីមួយទៀត ។វាមិនជាការប្រកួតប្រជែងដោយយុត្តិធម៌ទេ តែជាការព្យាបាទនិងការលេងអាក្រក់»។
អាម៉េរិកនិយាយថា ខ្លួនកំពុងបង្កើតគោលការណ៍ដឹកនាំសំរាប់ទំនាក់ទំនងជាមួយចិន និងមិនស្វះស្វែងរកជម្លោះទេ តែក្នុងការអនុវត្តជាក់ស្តែង ចិនមិនគួររងការវាយប្រហារដោយពាក្យសម្តីមួលបង្កាច់និងអំពើវាយប្រហារដូចកន្លងមកឡើយ។
«វាមិនគួរធ្វើទៅរួច។បើអាម៉េរិកមិនចាប់ហ្វ្រាំងទេ ហើយបន្តបង្កើនល្បឿនលើផ្លូវខុស គ្មានគោលការណ៍ដឹកនាំផ្លូវណាអាចរារាំងការរអិលធ្លាក់ចេញពីផ្លូវឡើយដែលវានឹងនាំដល់ជម្លោះនិងការប្រឈមមុខ។តើនរណានឹងទទួលផលវិបាកដ៏ហិនហោចនេះ?»។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរបានតានតឹងនឹងគ្នាអស់ពេលជាច្រើនឆ្នាំមកហើយ ដោយសារបញ្ហាមួយចំនួនរួមមានកោះតៃវ៉ាន់ ពាណិជ្ជកម្ម និងអ៊ុយក្រែន តែវាកាន់តែអាក្រក់ឡើងក្រោយឧបទ្ទវហេតុអាម៉េរិកបាញ់ទម្លាក់បាឡុងចិនកាលពីខែមុន ដោយសង្ស័យថាជាយានចារកម្ម។
លោកឈីនបាននិយាយថា« បើអាម៉េរិកមានមហិច្ឆតាធ្វើអោយខ្លួនឯងខ្លាំងអស្ចារ្យឡើងវិញ ខ្លួនគួរមានគំនិតទូលាយមួយសំរាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។ការរាំងខ្ទប់និងគាបសង្កត់នឹងមិនធ្វើអោយអាម៉េរិកខ្លាំងអស្ចារ្យឡើយ។វានឹងមិនអាចបញ្ឈប់ការធ្វើយុវកម្មរបស់ចិនបានឡើយ»៕
រដ្ឋមន្ត្រីការបរទេសចិន ឈីន ហ្កាង