ភ្នំពេញ៖ បច្ចុប្បន្ន ស្ត្រីមិនត្រឹមតែទទួលបន្ទុកថែទាំគ្រួសារប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកជាច្រើនក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិផងដែរ ទាំងផ្នែកនយោបាយការងារ សង្គម និងសេដ្ឋកិច្ច ដោយសារស្ត្រី មានប្រាជ្ញាស្មារតី និងតស៊ូអត់ធ្មត់ក្នុងការដោះស្រាយបញ្ហា នៅគ្រប់កាលៈទេសៈទាំងអស់ ។ នេះជាការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារជាតិ នៃកម្ពុជា នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។

នៅក្នុងឱកាសនោះដែរ លោក ជា ចាន់តូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយបានរួមចំណែកកសាងសមិទ្ធផលជូនធនាគារជាតិនៃកម្ពុជា ជាពិសេសបានរួមចំណែកកសាង ប្រព័ន្ធធនាគារនៅកម្ពុជាឲ្យមានការរីកចម្រើន និងទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសាធារណជនជាតិ-អន្តរជាតិជាលំដាប់ ។ ទាំងនេះជាសមិទ្ធផលរួមនិងជោគជ័យរួមរបស់យើងទាំងអស់គ្នា ។

លោកទេសាភិបាល ក៏បានប្រកាសគាំទ្រប្រធានបទឆ្នាំនេះ ដែលផ្ដោតជាសំខាន់ទៅលើតម្លៃនៃការរួបរួមរបស់ស្រ្តី ក្នុងការរក្សាសុខសន្តិភាព និងដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល។ ជាមួយគ្នានេះ ឯកឧត្តម នូវបានលើកទឹកចិត្តឲ្យស្ត្រី និងបុរស មានសិទ្ធិ និងឱកាសដូចគ្នា ក្នុងការទទួលបាន ចំណេះដឹងនិងជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យ ព្រោះបច្ចុប្បន្ន ស្ត្រីមិនត្រឹមតែទទួលបន្ទុកថែទាំគ្រួសារប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកជាច្រើនក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិផងដែរ ទាំងផ្នែកនយោ បាយ ការងារ សង្គម និងសេដ្ឋកិច្ច ។

លោក ជា ចាន់តូ បានបន្តថា ÷បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា មានមន្រ្តីបុគ្គលិកជានារី ប្រហាក់ប្រហែលនឹងមន្ត្រីបុគ្គលិកជាបុរស ក្នុងនោះមន្រ្តីបុគ្គលិកជានារីមានចំនួន ៩២៩នាក់ នៃមន្រ្តីបុគ្គលិកសរុបទូទាំងប្រទេសចំនួន ១.៨៨៣នាក់ ។ ចំនួននេះបញ្ជាក់ថា សមាមាត្រមន្ត្រីជាស្តី្រ ចាប់តាំងពីថ្នាក់ទេសាភិបាលរង ដល់មន្រ្តីបុគ្គលិក បានកើនដល់ជាង ៤៩% នៃចំនួនសរុប ក្នុងនោះ ចំនួនស្តី្រចាប់ពីថ្នាក់ការិយាល័យឡើង បានកើនឡើងដល់ ៣០% នៃចំនួនស្រ្តីសរុប ។ ស្តី្រនៅធនាគារជាតិនៃកម្ពុជា ភាគច្រើនទទួលខុសត្រូវលើការងារដឹកនាំនិងគ្រប់គ្រងការងារជំនាញបច្ចេកទេស និងការងារប្រតិបត្តិការជាដើម ។ ទន្ទឹមនេះ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល បានចាត់ទុកតួនាទីស្រ្ដី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ ហើយផែនការយុទ្ធសាស្ត្រនារីរតនៈ ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការលើកកម្ពស់តួនាទីរបស់ស្ដ្រីនៅក្នុងសេដ្ឋកិច្ចនិងសង្គមខ្មែរ លើកកម្ពស់សុខុមាលភាពស្រ្តី ការអប់រំដល់ស្រ្ដីនៅគ្រប់កម្រិតឲ្យចូលរួមកាន់តែសកម្មក្នុងរដ្ឋបាលសាធារណៈ ការពង្រឹងការឈរឈ្មោះនៅតាមបណ្ដាភូមិ ឃុំ សង្កាត់ទូទាំងប្រទេស ព្រមទាំងការពង្រឹងឱកាសការងារនិងការពារសិទ្ធធ្វើការងារសម្រាប់ស្ដ្រី ។

លោកទេសាភិបាល បានបន្ថែមថា ការបង្កើតគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាប្រធានកិត្តិយស និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាអនុប្រធានកិត្តិយស ក៏ជាចំណែកមួយក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី តម្លៃស្ត្រី រួមទាំងសីលធម៌សង្គម និងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាយើង ៕srn / N