ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំ ពិនិត្យលើកិច្ចការអាស៊ាន ស្ថិតក្រោមកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម និងព្រៃឈើអាស៊ាន ដែលប្រព្រឹត្តទៅ នៅទីស្តីការក្រសួង។
ផេកហ្វេសប៊ុករបស់ក្រសួងកសិកម្ម នៅក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងថាៈ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានទាំង៥ រួមមាន៖ អគ្គនាយកដ្ឋានកសិកម្ម, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, រដ្ឋបាលព្រៃឈើ, រដ្ឋបាលជលផល និងអគ្គនាយកដ្ឋានកៅស៊ូ ត្រូវស្វែងយល់ពីរបៀប ធ្វើការ ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យបានល្អ ដោយតម្កល់ផល ប្រយោជន៍ជាតិជាធំ។
យោងលទ្ធផលនៃកិច្ចប្រជុំ លោករដ្ឋមន្ត្រី ឌិត ទីណា បានសម្រេចប្រគល់ភារកិច្ច ជូននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DIC) តាមដាន និងពិនិត្យលើ MOU ទាំងអស់ ឱ្យមានប្រសិទ្ធភាព និងជំរុញឱ្យចេញជាការអនុវត្ត។ ជាមួយគ្នានេះដែរ DIC ត្រូវរាយការណ៍ និងមានរបាយការណ៍ រាល់សកម្មភាពបេសកកម្ម ដោយមានខ្លឹមសារ ពិតប្រាកដ និងច្បាស់លាស់។ លើសពីនេះទៀត ត្រូវពិនិត្យជ្រើសរើសមន្ត្រី ដែលមាន សមត្ថភាព និងឆន្ទៈការងារពិតប្រាកដ ដើម្បីប្រសិទ្ធភាពការងារល្អប្រសើរ។
ក្រសួងកសិកម្ម បានបញ្ជាក់ថាៈ កិច្ចសហប្រតិបត្តិការ លើវិស័យស្បៀង កសិកម្ម និងព្រៃឈើ (១៩៩៣) ផ្តោតលើអាទិភាព ចំនួន៧ ក្នុងនោះរួមមាន ការពង្រឹងសន្តិសុខ ស្បៀងក្នុងតំបន់ ការសម្រួលនិងលើកកម្ពស់ពាណិជ្ជកម្ម កសិកម្ម និងព្រៃឈើ អនុផល ព្រៃឈើ ក្នុងនិងក្រៅអាស៊ាន ការបង្កើត និងផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព និងអភិវឌ្ឍកសិធុរកិច្ច ការអភិវឌ្ឍសហគមន៍កសិកម្ម និងធនធានមនុស្ស ការវិនិយោគ និងការចូលរួមរបស់វិស័យឯកជន ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ សម្រាប់ ការអភិវឌ្ឍប្រកបដោយចិរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន និងអភិក្រម រួមគ្នា ក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ៕ V / N