ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ដើម្បីជួយដល់អ្នកមានជីវភាពក្រលំបាក ក៏ដូចជាចូលរួម ក្នុងការជួយដល់សង្គមផងនោះ សមាគមមិត្តយើង ជាមួយវិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈកាត់សក់ ជូនដល់សិស្ស និស្សិត លោកគ្រូអ្នកគ្រូជាង ៥០០ នាក់។

គួររំលឹកថា កម្មវិធីសក់ និងសម្រស់នេះ បានប្រារព្ធធ្វើឡើង នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងនេះក៏ ជាលើកទី៥ ហើយដែលសមាគមមិត្តយើង រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្ត យើង” នេះឡើង។

ទាក់ទិនក្នុងរឿងនេះ លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជានាយក សាលាជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) បានលើកឡើងថា៖​ការរៀបចំ កម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូន ដែលមានជីវភាពខ្វះខាត និង កម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាក ក៏ដូចជាសិស្ស និស្សិត លោកគ្រូអ្នកគ្រូ ឱ្យទទួលបានសក់ស្អាត ជាដើម។ កម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្ត យើង ក្នុងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកបានឱ្យដឹងទៀតថាៈ ថ្ងៃនេះ មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និង ហាងកាត់សក់ ក៏ដូចជា ជាងកាត់សក់ជាង ៦០ នាក់ តំណាងក្រុមហ៊ុនដៃគូសហការ របស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្ម កាត់សក់ ជូនដល់សិស្ស និស្សិត ដែលកំពុងបង្រៀន និងរៀននៅវិទ្យាស្ថានបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោកបានបន្តថាៈ សមាគមមិត្តយើង មានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់ អ្នកដែលមានជីវភាពខ្វះខាត។ កម្មវិធី៥លើកកន្លងទៅនេះ យើងបានផ្តល់ជូនសេវា កាត់សក់ ដល់បងប្អូន ដែលមានជីវភាពខ្វះខាតជាង ២ ពាន់នាក់ រួចមកហើយ ។ ជាមួយគ្នាននេះ កន្លងមក យើងមិនត្រឹមតែផ្តល់ការកាត់សក់ ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយ មានដូចជា អង្ករ និងសម្ភារៈមួយចំនួន ជូនដល់ពួកគាត់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

ជាមួយគ្នានេះ លោក វិបុល បានបន្ថែមថាៈ ”បើបងប្អូនដែលចង់រៀនជំនាញកាត់សក់ បងប្អូនក៏អាចចុះឈ្មោះចូលរៀន នៅសាលា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) ដែលរៀនជាមួយគ្រូជំនាញៗ និងបទពិសោធន៍ខ្ពស់ មកពីក្រៅប្រទេសផងដែរ”។

សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើង ក៏មានការផ្តល់ ជូនកាដូ ជាអាវយឺតមិត្តយើង ម្នាក់១, ថ្នាំដុះធ្មេញ និងច្រាស់ដុះធ្មេញ ក្រោមការឧបត្ថម ពីក្រុមហ៊ុន សម្រស់ធម្មជាតិ ចំនួនម្នាក់មួយប្រអប់ ដល់អ្នកដែលបានកាត់សក់ ផងដែរ៕ V / N