ដោយ៖ ដេប៉ូ / កំពត៖ «យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ ត្រូវចូលរួមការពារ សុខសន្តិភាព ដើម្បីកម្ពុជា បន្តការអភិវឌ្ឍប្រទេស ឱ្យរីកចម្រើនរុងរឿង សម្រេចបាននូវ ចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ប្រែក្លាយកម្ពុជា ពីប្រទេសដែលមានចំណូលមធ្យមកម្រិត ទាបទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូល ខ្ពស់ នៅឆ្នាំ២០៥០» នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន សមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ក្រុងបូកគោ

គួរបញ្ជាក់ថា ពិធីនេះរៀបចំធ្វើឡើង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោ បាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសចូលរួមជាអធិបតី នៅក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ នៅ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

ទាក់ទិនក្នុងរឿងនេះ លោក នេត្រ  ភក្ត្រា បានថ្លែងថាៈ សុខសន្តិភាព ដែលកម្ពុជាមាន បច្ចុប្បន្ននេះ រកបានដោយមកលំបាក, ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកជីវិតធ្វើជាដើមទុន ដើម្បីសង្គ្រោះជាតិ និងប្រជាជន ចេញពីរបបខ្មែរក្រហម បញ្ចប់សង្គ្រាមស៊ីវិល និងនាំយក សុខសន្តិភាព ពេញលេញ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដាក់ចុះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កត្តាសុខសន្តិភាពនេះហើយ ដែលអនុញ្ញាត ឱ្យកម្ពុជាអាចអភិវឌ្ឍប្រទេស រីកចម្រើនលើគ្រប់វិស័យ បង្កើតការងារ ផ្តល់ចំណូល និងមានកំណើនសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។

លោកបានមានប្រសាសន៍ថាៈ «យើងទាំងអស់គ្នា ចាំបាច់ត្រូវចូលរួមជាមួយ រាជរដ្ឋាភិ បាលកម្ពុជា ដើម្បីការពារឱ្យបាននូវ សុខសន្តិភាពនេះ ឱ្យខាងតែបាននិងប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងណាមួយរបស់ ក្រុមជនអគតិ និងបរទេស ក្នុងការជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងកម្ពុជា ការធ្វើបដិវត្តន៍ពណ៌ បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជា មាននេះឡើយ»

តាមរយៈវេទិកាសាធារណៈនេះដែរ ក្រុមការងារបានដោះស្រាយនូវសំណើ និង សំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន បានជាច្រើនករណី។ បងប្អូនប្រជាពលរដ្ឋ សង្កាត់ព្រែកត្នោត បានបង្ហាញការពេញចិត្ត ចំពោះការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ប្រទេសឱ្យរីកចម្រើន និងបង្ហាញពីការគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា និងជាពិសេសគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់អនាគត។ ប្រជាពលរដ្ឋ ក៏បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចុះនយោបាយវ៉ាក់សាំងសង្គ្រោះប្រជាពលរដ្ឋ ពីរណ្តៅ មរណៈនៃជំងឺឆ្លងកូវីដ១៩ និងបានដាក់ចុះនូវ គោលនយោបាយ គាំពារសង្គមចំពោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ពីវិបត្តិនៃជំងឺកូវីដ១៩ និងវិបត្តិអតិផរណា និងការដោះ ស្រាយបញ្ហាផ្សេងៗទៀត ដែលបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក នេត្រ  ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន សមាជិកក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត និងជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋានក្រុងបូកគោ បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់នូវគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះគណបក្សប្រជាជនកម្ពុជា និងតែងតែបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា គ្រប់ពេលបោះឆ្នោតដើម្បីផ្តល់លទ្ធភាពឱ្យគណបក្សប្រជាជនកម្ពុជា បន្តការបម្រើប្រជាពលរដ្ឋ។

លោកបានគូសបញ្ជាក់ថាៈ មានតែរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ ដែលបានថែរក្សាការពារបាន នូវសុខសន្តិភាព នាំមកនូវការអភិវឌ្ឍនាំមកនូវ ការវិនិយោគទុន ទាំងជាតិ និងអន្តរជាតិ មកវិនិយោគនៅកម្ពុជា និងបានកសាងហេដ្ឋារចនាសម្ព័ន្ធសម្បូណ៌បែប សម្រាប់សង្គមជាតិ៕/V-PC