ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រុមការងារគម្រោងថ្មីខេត្ត (LASED III/BMC) ឆ្នាំ២០២៣ នេះ បានរៀបចំពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋាន គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED lll) ស្ថិតនៅតំបន់ដីការ៉េ២(២២២២) ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃនាយកដ្ឋានលំនៅឋាន តំណាងលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លី សារី អភិបាលរងខេត្ត តំណាងឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រុមការងារធនាគារពិភពលោក មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំង និងប្រជាពលរដ្ឋ ដែលជាមុខសញ្ញាអ្នកទទួលដី ប្រមាណជាង ៤៥០នាក់ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាៈ បច្ចុប្បន្ន រដ្ឋបាលខេត្ត ក៏បានស្នើសុំទៅថ្នាក់ជាតិ កំណត់ទីតាំងដីទំហំ ៤៤០ ហិកតា សម្រាប់អនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចដំណាក់កាលទី៣ (LASED lll) តាមលិខិតលេខ ៩៥៣/២១លស ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីសំណើសុំពិនិត្យ និងកំណត់ទីតាំងដី ស្ថិតក្នុងតំបន់ ២២២២ នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ហេតុនេះ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្មនិងសំណង់ បានស្នើទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមលិខិតលេខ២០៨៦ ដនស/អសដភ ចុះថ្ងៃទី១៤ ខែតុលាឆ្នាំ២០២១ ហើយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពតាមលិខិតលេខ២១២កសក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២សម្រេចកាត់ដីទំហំ ៤៤០ ហិកតា ចេញពីគម្រប ព្រៃឈើ ឆ្នាំ២០០២ សម្រាប់គម្រោងសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ។
លោកបានបន្តថាៈ សម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋាន គម្រោងបែងចែកដី ដើម្បី សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED lll) ដែលមានការ គាំទ្រថវិកា ដោយធនាគារពិភពលោក និងបដិភាករបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក បេងហុង សុជាតិ ខេមរ៉ូ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹក នាំខេត្ត និងមន្ត្រីនៃមន្ទីរជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលក្នុងប៉ុន្មានឆ្នាំ កន្លងទៅនេះ ពិសេសក្នុងឆ្នាំ ២០២២ កន្លងទៅនេះ បានខិតខំយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ទៅតាមជំនាញនីមួយៗ របស់ខ្លួន ដោយសម្រេចបានលទ្ធផល គួរជាទីមោទនៈ ។
លោកបានបន្តថាៈ ក្នុងចំណោមខេត្តគោលដៅទាំង៥ មានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។ ចំពោះបន្ទាយមានជ័យ គឺជាខេត្ត ទី១ ដែលទទួលបានសម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED lll) សម្រាប់ ធ្វើការបែងចែក ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលពុំមានដីស្នាក់អាស្រ័យ ដោយធ្វើការ បែងចែកដី ជា ២ ប្រភេទ ក្នុងនោះរបបរួមមាន ដីលំនៅឋាន មានទំហំ ៣០ គុណនឹង ៥០ម៉ែត្រ និងដីកសិកម្ម ១ ហិកតាកន្លះ។
លោកបានបន្តទៀតថាៈ ការសម្បទានដីធ្លីសង្គមកិច្ចនេះ គឺផ្ដល់ជូនតែបងប្អូនប្រជាពលរដ្ឋ ដែលជាឃុំអតីភាពគឺឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងការចុះ ស្រង់ស្ថិតិរបស់បងប្អូន ដើម្បីទទួលបានដីក្នុងការស់នៅ ដោយមានលំនៅឋានពិតប្រាកដ ៕/V-PC