គ​.​ជ​.​ប បដិសេធ​សំណើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ រឿង​គូសសញ្ញា​ធី​ក​នៅលើ​សន្លឹកឆ្នោត​

1163
ចែករម្លែក
លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បដិសេធ​ចំពោះ​ការស្នើសុំ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ធ្វើ​វិសោធនកម្ម​ចំណុច ៨.១១.១ នៃ​ប្រការ ៨.១១ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រេ​រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺពាក់ព័ន្ធ​ការ​គូសសញ្ញា​គាំទ្រ​លើ​គណបក្សនយោបាយ​។

​ការបដិសេធ​នេះ គឺ​បន្ទាប់ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ បានដាក់​សំណើ​ទៅ​ប្រធាន​គ​.​ជ​.​ប ធ្វើ​វិសោធនកម្ម​ចំណុច ៨.១១.១ នៃ​ប្រការ ៨.១១ នៃ​បទបញ្ជា និង​នីតិវិធី​ស​មម្រាប់​ការបោះឆ្នោត​ជ្រេ​រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។​

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ថ្លែងថា ទាក់ទង​ករណីនេះ គ​.​ជ​.​ប បាន​ជួប​ជាមួយ​តំណាង​ប្រតិភូ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ រួចហើយ និង​បាន​ប្រាប់ថា គ​.​ជ​.​ប មិនអាច​ធ្វើការ​កែសម្រួល ឬ​ធ្វើ​វិសោធនកម្ម​នៅលើ​ចំណុច នៃ​ការប្រើប្រាស់​ធី​ក និង​សញ្ញា​ទាំងឡាយ​ដែល​គូស​ដោយ​ប្រជាពលរដ្ឋ​នោះទេ​។ ដោយ​លោក​បាន​លើកឡើងថា នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ គឺមាន​គណបក្សនយោបាយ​ចំនួន​១៩ បាន​ឯកភាព​ចំពោះ​នីតិវិធី​រស​ប់គ​.​ជ​.​ប​។ ហើយគ​.​ជ​.​ប មុននឹង​ចែង​នីតិវិធី​នឹង​ក៏បាន​ដាក់ជូនទៅ​អង្គការ​ផ្សេងៗ និង​គណបក្សនយោបាយ ដើម្បី​ឲ្យ​ផ្តល់​ជា​យោបល់ ហើយ​មកដល់ពេលនេះ គឺ​គ​.​ជ​.​ប មិន​អាចធ្វើ​អ្វីដែល​ខុសពី​ច្បាប់ ខុសពី​នីតិវិធី​បានទេ​។ ហើយ​ម្យ៉ាងទៀត​គណបក្សនយោបាយ​ចំនួន​១៩ បានទទួល​ស្គាល់​ជា​ផ្លូវការ​។​

​អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​បញ្ជាក់ថា ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ និង​ផ្អែកទៅលើ​មតិ​ភាគច្រើន គឺ​មិនមាន​អាច​ធ្វើតាម​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ចំណុច ៨.១១.១ នៃ​ប្រការ ៨.១១ នៃ​បទបញ្ជា និង​នីតិវិធី​ស​មម្រាប់​ការបោះឆ្នោត​ជ្រេ​រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បានទេ​។​

​នៅក្នុង​លិខិត​របស់លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដាក់ជូនទៅ​ប្រធាន​គ​.​ជ​.​ប កាលពី​ថ្ងៃទី​១២ ខែកក្កដា បាន​ឲ្យ​ដឹងថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​សិក្សា និង​ផ្ទៀងផ្ទាត់ រវាង​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គ​.​ជ​.​ប ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ជាមួយ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រង់​ប្រការ ៨.១១ ចំណុច ៨.១១.១ ឃើញថា មាន​ភាព​ចន្លោះប្រហោង​អំពី​សញ្ញា​គូស​គាំទ្រ​គណបក្សនយោបាយ ដោយហេតុថា ច្បាប់ បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ មិនបាន​កំណត់​ឲ្យ​បាន​ជាក់លាក់​នូវ​សញ្ញា​តែមួយ​ប្រភេទ សម្រាប់​ប្រើ​ជាទូទៅ និង​ចាត់​ទុកជាបានការ ក្នុងការ​គូស​គាំទ្រ​គណបក្សនយោបាយ​ណាមួយ​នោះ​៕ ល​

លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ

ទីតាំងផ្សាយពាណិជ្ជកម្ម