ដោយៈ គ្រី សម្បត្តិ/ភ្នំពេញ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃស បានធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងចំណោមបក្ខពួក៧នាក់ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្រើកាំបិត និងដុំថ្ម គប់និងកាប់ទៅលើបុរសពីរនាក់ បណ្តាលឱ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៣កន្លងទៅ ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៦នាក់ ទី១មានឈ្មោះ ទេព សន្ទិ ហៅ ទិ ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះ គីម ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ ទី៣ឈ្មោះ សំ មិនាភេទប្រុស អាយុ២២ឆ្នាំ ទី៤ឈ្មោះ កន រតនៈ ហៅ ហ៊ីង ភេទប្រុស អាយុ២១ឆ្នាំ ទី៥ឈ្មោះ សុវណ្ណារ៉ា ប្លាតុង ហៅ តុង ភេទប្រុសអាយុ១៨ឆ្នាំ និងទី៦ កំពុងសួរនាំ ដែលអ្នកទាំងនោះសុទ្ធតែមានមុខរបរនិងទីលំនៅមិនពិតប្រាកដ ចំណែកជនរងគ្រោះទាំង២នាក់ទី១/ឈ្មោះ ផេង ហឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅយានដ្ឋានជួសជុលរថយន្តស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ ស៊ាង ស៊ឹង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរបើករថយន្ត ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

លោកវរសេនីយ៍ទោ ជាង ហុកសែ បានឱ្យដឹងទៀតថា  ជនរងគ្រោះ ត្រូវបានជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិត និងដុំថ្មធ្វើសកម្មភាពគប់និងកាប់ បណ្ដាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ

ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ និងក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោបានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន៦នាក់ជាបន្តបន្ទាប់ នៅថ្ងៃទី៦ និងទី៧ មីនា ២០២៣នេះ ខណៈដែលបក្ខពួកម្នាក់ទៀតដឹងខ្លួនរត់គេចខ្លួនបាត់ស្រមោល

បច្ចុប្បន្ននេះ ជនសង្ស័យ៦នាក់ និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕/PC