ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ទីភ្នាក់ងារ​អវកាស​របស់​ជប៉ុន​មាន​ចេតនា​បំផ្លាញចោល​រ៉ុក្កែត​H3 ថ្មី​គឺ​ភ្លាមៗ​ក្នុងពេល​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា បន្ទាប់​ពី​ការ​បញ្ឆេះ​សម្រាប់​ដំណាក់កាល​ទី​ពីរ​នៃ​ស៊េរី​រ៉ុក្កែត​ថ្មី​ដំបូង​របស់​ប្រទេស​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​បាន​បរា​ជ័យ​។​

​ធ្វើឡើង​នៅ​បី​សប្តាហ៍​បន្ទាប់ពី​ការលុបចោល​ការបាញ់​បង្ហោះ​ដោយសារតែ​ភាពមិនប្រក្រតី​ដាច់ដោយឡែក​មួយ បរាជ័យ​របស់​រ៉ុក្កែត​H3 គឺជា​ឧបសក្គ​មួយ​សម្រាប់​កម្មវិធី​អវកាស​របស់​ជប៉ុន ហើយ​ជាពិសេស​គឺ​សម្រាប់​កម្មវិធី​ចាប់​មី​ស៊ី​ល​របស់ខ្លួន និង​ជា​ការខកចិត្ត​សម្រាប់​អ្នកគាំទ្រ​អវកាស​ដែល​គាំទ្រ​សម្រាប់​ការសាកល្បង​បាញ់​បង្ហោះ​ឡើងវិញ​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​រ៉ុក្កែត​នេះ​កំពុង​ដឹក​ផ្កាយរណប​អង្កេត​ដី​កម្រិត​ខ្ពស់​(ALOS) ដែល​មាន​ភារកិច្ច​ជា​ចម្បង​លើ​ការសង្កេត​ផែនដី និង​ការប្រមូល​ទិន្នន័យ​សម្រាប់​ការឆ្លើយតប​គ្រោះមហន្តរាយ និង​ការបង្កើត​ផែនទី ព្រម​ទាំង​ឧបករណ៍​ចាប់​សញ្ញា​អ៊ី​ន​ហ្វ្រា​រ៉េដ​ពិសោធន៍​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួង​ការពារជាតិ ដែល​អាច​តាមដាន​សកម្មភាព​យោធា រួម​ទាំង​ការបាញ់​មី​ស៊ី​ល​ផងដែរ​។​

​រ៉ុក្កែត H3 ដែល​មាន​ក្បាល​ពណ៌​ស បាន​បាញ់​បង្ហោះ​ឡើង ហើយ​ហោះ​ឡើង​លើ​មេឃ​ពណ៌​ខៀវ​ពី​មជ្ឈមណ្ឌល​អវកាស​ថា​ណេហ្គា​ស៊ីម៉ា​(Tanegashima) នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន ខណៈ​អ្នកគាំទ្រ​និង​អ្នកស្រុក​បាន​អបអរសាទរ​។ ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA) បាន​និយាយថា វា​បាន​ហោះ​តាម​គន្លង​ដែល​បាន​គ្រោងទុក ហើយ​ដំណាក់កាល​ទី​ពីរ​បាន​បំបែក​ចេញ​ពី​គ្នា​តាម​ការគ្រោងទុក ប៉ុន្តែ​ការ​បញ្ឆេះ​សម្រាប់​វា​បាន​បរាជ័យ​។​

JAXA បាន​និយាយថា ខ្លួន​បាន​បញ្ជូន​បទបញ្ជា​ឱ្យ​កម្ទេច​រ៉ុក្កែត​នេះ​ចោល ព្រោះ​គ្មាន​សង្ឃឹម​សម្រាប់​វា​ក្នុងការ​បំពេញបេសកកម្ម​របស់​ខ្លួន​បាន​ទេ​។

​ក្រុមមន្ត្រី​កំពុង​ស៊ើបអង្កេត​មូលហេតុ​នៃ​បរាជ័យ​នេះ ហើយ​រំពឹង​ថា​នឹង​ផ្តល់​លទ្ធផល​រកឃើញ​បឋម​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​។​

​បរាជ័យ​នេះ​គឺជា​បរាជ័យ​លើក​ទី​ពីរ​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ចាប់តាំងពី​រ៉ុក្កែត​ឥន្ធនៈ​រឹង Epsilon-series តូច​ជាង​នេះ ដែល​រចនា​ឡើង​ដើម្បី​បាញ់​បង្ហោះ​ផ្កាយរណប​វិទ្យាសាស្ត្រ បាន​បរាជ័យ​ក្នុង​ខែតុលា​៕

​រ៉ុក្កែត​H3 ដែល​មាន​ក្បាល​ពណ៌​ស បាន​បាញ់​បង្ហោះ​ឡើង ហើយ​ហោះ​ឡើង​លើ​មេឃ​ពណ៌​ខៀវ​ពី​មជ្ឈមណ្ឌល​អវកាស​ថា​ណេហ្គា​ស៊ីម៉ា នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន ខណៈ​អ្នកគាំទ្រ​និង​អ្នក​ស្រុក​បាន​អបអរសាទរ តែ​វា​ត្រូវបាន​បំផ្លាញ​ចោល​ដោយ​ចេតនា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដោយសារ​មិន​អាច​បញ្ឆេះ​ម៉ាស៊ីន​នៅ​ដំណាក់កាល​ទី​ពីរ